(ឧត្តរមានជ័យ)៖ មន្ត្រីឈរជើងនៅច្រកទ្វារអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនប្រទេសថៃ បានរងការរិះគន់ថា ទារប្រាក់ហួសកម្រិតមិនអាចទទួលយកបានឡើយ គ្រាន់តែពួកគាត់ទិញផ្លែឈើយកមកលក់ដូរធម្មតា ដឹកតាមរថយន្ត ម៉ូតូបន្តិចបន្តួច ក៏ត្រូវបានមន្ត្រីទាំងនោះទារប្រាក់ដែរ។
បងស្រី សុខ វណ្ឌី បានប្រាប់ភ្នាក់ Fresh News នៅព្រឹកថ្ងៃទី២ ខែឧសភានេះថា រាល់ថ្ងៃនេះពួកគាត់បានដឹងថា ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ មិនឲ្យប្រមូលពន្ធចំពោះមុខម្ហូប និងផ្លែឈើ ដែលសំរាប់ប្រកបមុខរបរកស៊ីប្រចាំថ្ងៃឡើយ តែចំពោះមន្ត្រីឈរសព្វថ្ងៃនេះ បានយកលុយគ្មានអាណិតអាសូចំពោះពួកគាត់។ ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ហ៊ូ ដារិទ្ធ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំ បានប្រាប់ថា បញ្ហាទាំងអស់នេះវាមានខ្លះ តែចំពោះមន្ត្រីឈរជើងនៅទីនោះ លោកតែងតែហៅ និងប្រជុំជាញឹកញ៉ាប់ណាស់ មិនឲ្យមានការប៉ះពាល់ អារម្មណ៍របស់ពលរដ្ឋឡើយ។ លោកបន្តថា ចំពោះការដឹកយកបន្លែ ផ្លែឈើនោះ គឺគ្មានការបង់លុយនោះទេ គេតម្រូវតែទឹកក្រូច ទឹកសុទ្ធ និងទំនិញផ្សេងៗ ទើបមន្ត្រីឈរជើងឲ្យបង់លុយ ឬបង់ពន្ធ។
ក្រុមអាជីវករបានបន្តទៀតថា តែទោះបីជាយ៉ាងណា បញ្ហាទាំងអស់នេះ នៅតែមានដកក្នុងចិត្តរបស់ពួកគេដដែល ហើយសង្ឃឹមថា មន្ត្រីឈរជើងទីនោះមេត្តាគិតគូ និងបញ្ឈប់បញ្ហានេះទៀត មិនដូច្នោះដាច់ពោះអស់ហើយ៕