(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈកម្មការធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា «ការប្រកាន់ភ្ជាប់ស្មារតីក្នុងចិត្តជាកត្តាមួយ តែការប្រែក្លាយស្មារតីនោះ ទៅជាទង្វើ និងសកម្មភាពជាក់លាក់ណាមួយនោះ គឺកាន់តែប្រសើរ»

ទន្ទឹមនឹងការលើកឡើងខាងលើ លោក ហ៊ុន ម៉ានី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាជិក សមាជិកា គ្រប់ៗរូប ដែលសកម្មភាពទាំងអស់ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់ពីការបន្តរក្សាបាននូវស្មារតី២ធ្នូ ដែលជាស្មារតី នៃការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុនក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានរំលឹកពីដើមកំណើត ស.ស.យ.ក. ដោយរំលេចពីគម្រូវីរភាពរបស់ប្រធានទី១ របស់ស.ស.យ.ក. គឺសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ហើយបានជំរុញលើកទឹកចិត្ដឲ្យសមាជិក សមាជិកាទាំងអស់ បន្តខិតខំរៀនសូត្រពីគម្រូជាបទពិសោធន៍ការងារ ទាំងការគិត និងការអនុវត្ត ព្រមទាំងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំ ដើម្បីយកមេរៀនទាំងអស់នោះ ទៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ដើម្បីប្រើប្រាស់ក្នុងគិតគូរ ការសម្រេចចិត្ត និងការអនុវត្តការងារជាក់ស្តែងប្រចាំថ្ងៃ។

ពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ បាននឹងកំពុងប្រពឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងមានការអញ្ជើញចូលរួមពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ព្រមទាំងសមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ នៅសាលមហោស្រពបណ្ណាល័យកំពង់ស្ពឺ។

សូមជម្រាបដែរថា ថ្នាក់ដឹកនាំ ស.ស.យ.ក. ថ្នាក់មូលដ្ឋានបាននិងកំពុងរៀបចំពិធីប្រកាសសមាសភាព និងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការបស់ខ្លួន ក្នុងនោះខេត្តកំពង់ស្ពឺ គឺជាខេត្តទី៦ ដែលនឹងរៀបចំពិធីនេះ បន្ទាប់ពីខេត្តព្រះសីហនុ ខេត្តកំពត ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕