(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា ផ្លូវ២០០R ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ នឹងត្រូវស្ថាបនាពង្រីកតាមប្លង់មេបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាន់តែងាយស្រួលធ្វើដំណើរនៅពេលខាងមុខ សម្រាប់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក ឯក ឃុនដឿន ធ្វើឡើងក្នុងពេលលោកដាក់បទបញ្ជាឱ្យកម្លាំងសណ្ដាប់ធ្នាប់ នៃការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ និងបរិស្ថានខណ្ឌ ចុះរុះរើសំយាបរំលោភលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ២០០R ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមលោក ឯក ឃុនដឿន ចំពោះការដាក់បទបញ្ជាឱ្យកម្លាំងសណ្ដាប់ធ្នាប់ នៃការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ និងបរិស្ថានខណ្ឌ ចុះរុះរើសំយាបរំលោភលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋនេះ បានអនុវត្តឡើង ក្រោយពីប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយកំណាត់ផ្លូវលេខ២០០R ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ បានស្ម័គ្រចិត្តរុះរើ ដើម្បីចូលរួមជាមួយអាជ្ញាធរ ក្នុងការពង្រីកផ្លូវតាមប្លង់មេ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងទិសដៅឈានទៅកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាន់តែងាយស្រួលក្នុងការធ្វើដំណើរ សម្រាប់ប្រជាពលរដ្ឋ៕