(កំពង់ឆ្នាំង)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ទៅប្រជាពលរដ្ឋអាស្រ័យផលនៅតំបន់ស្ថិតក្នុងតំបន់៣ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សូមកុំចាញ់បោកការឃោសនា អូសទាញ ញុះញង់ណាមួយពីសំណាក់ក្នុងក្រុមអ្នកនយោយគណបក្សផ្សេង ដែលមានចេតនាយកទឹកភ្នែករបស់បងប្អូន សម្រាប់ធ្វើអាជីវកម្មនយោបាយឱ្យសោះ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេតេជោ ហ៊ុន សែន ជាប្រធាន គឺមិនដែលទុកឱ្យពលរដ្ឋណាម្នាក់លំបាកវេទនានោះទេ។

ការលើកឡើងបែបនេះ របស់លោក សួន សេរីរដ្ឋា បានធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ក្នុងឱកាសលោកបានដឹកនាំក្រុមការងារបក្ស និងយុវជនបក្ស និងអាជ្ញាធរស្រុក ឃុំ ចុះសំណេះសំណាលសួសុខទុក្ខប្រជាពលរដ្ឋ កសិករអ្នកធ្វើស្រែចម្ការ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលវឌ្ឍនៈភាពធ្វើស្រែស្រូវប្រាំងរបស់កសិករចំនួន៦ឃុំ។

លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា៖ «អញ្ចឹងសូមកុំឱ្យចាញ់បោកការឃោសនា ការអូសទាញក្រុមអ្នកនយោបាយបក្សផ្សេង ដែលឆ្លៀតឱកាសពេលបងប្អូនមានទុក្ខ គេអត់បានមកដោះស្រាយការលំបាកជូនបងប្អូនទេ គេគ្រាន់តែមកជូនទឹកភ្នែកបងប្អូន មួយតំំណក់ ពីរតំណក់គេទៅបាត់ អញ្ចឹងបងប្អូនត្រូវតែបែងចែកថា អ្នកណាគ្រាន់តែជូតទឹកភ្នែកបងប្អូនហើយទៅបាត់ធ្វើអាជីវកម្មលើទឹកភ្នែកបងប្អូនហើយចេញទៅបាត់ ប៉ុន្តែ អ្នកខ្លះមិនបានជួយជូតទឹកភ្នែកបងប្អូនទេ ប៉ុន្តែព្យាយាមស្តាប់យកយោបល់ យកសំណូមពរបងប្អូន ទៅរកដំណោះស្រាយជូនបងប្អូន»

នាឱកាសនោះដែរ លោក សួន សេរីរដ្ឋា ក៏បានសំណូពរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមកុំស្អប់ កុំខឹងលើអាជ្ញាធរមូលដ្ឋានឱ្យសោះជុំវិញករណីមួយចំនួន ខណៈកិច្ចការងារមួយចំនួន គឺពួកគាត់មានសិទ្ធិត្រឹមតែទទួលសំណូមពរ ប៉ុន្តែ ពួកគាត់មិនមានសិទ្ធិដោះស្រាយនោះទេ។ បើទោះជាយ៉ាងណាលោកបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំធ្វើប្រតិភូកម្មអំណោចពីថ្នាក់លើ មកឱ្យថ្នាក់មូលដ្ឋាន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។ ដូច្នេះ ហើយសូមប្រជាពលរដ្ឋទាំងអស់ត្រូវទុកចិត្ត ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «សម្តេចតេជោ ហ៊ុន សែន តែងតែចំណាយពេលវេលា នៃអាយុជីវិតរបស់សម្តេចពេញមួយជីវិត ដើម្បីសុខទុក្ខ ការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន មិនដែលចង់បានការតបស្នងសងគុណណាមួយពីសំណាក់ប្រជាពលរដ្ឋមកវិញទេ គឺសម្តេចបានលះបង់គ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ ដូច្នេះ សុំតែមួយគត់ សូមប្រជាពលរដ្ឋកុំយល់ច្រឡំលើសម្តេច តាមការញុះញង់ តាមការអូសទាញពីពួកអ្នកនយោបាយ អ្នកវិភាគញុះញង់ ដោយរិះគន់វាយប្រហាររដ្ឋាភិបាលលើកយកតែចំណុចអវិជ្ជមានតែប៉ុណ្ណោះ...»

បន្ថែមពីនេះ លោកក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងចាត់ទុកថាទុក្ខរបស់ប្រជាពលរដ្ឋ គឺជាទុក្ខរបស់សម្តេចតេជោ។ ដូចនេះ ហើយទើបសម្តេចតែងតែណែនាំ និងចង្អុលបង្ហាញឱ្យមន្ត្រីថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាល និងរបស់គណបក្សប្រជាជនកម្ពុជាគ្រប់គ្នាត្រូវយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្គាល់សុខស្គាល់ទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

បន្ទាប់ពីស្តាប់ការលើកឡើងរបស់ប្រជាកសិកររួច, លោក សួន សេរីរដ្ឋា ក៏បានសំណូមពរឱ្យប្រជាកសិករទាំងអស់ សូមចូលរួមគោរពអនុវត្តន៍ច្បាប់ ស្តាប់គោលការណែនាំ និងអនុសាសន៍ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគុទ្ទេសក៏សន្តិភាពកម្ពុជា ជាពិសេសត្រូវតែជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ព្រមទាំងសូមកុំជឿ កុំចាញ់បោក ឧបាយកលបោកប្រាស់អូសទាញ ញុះញង់របស់ពួកអ្នកនយោបាយអគតិមួយចំនួន ដែលមិនដែលបានធ្វើអ្វីជាប្រយោជន៍ជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋទេ តែខិតខំបំពុលបញ្ឆេះកំហឹងឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល តាមនយោបាយរបស់ខ្លួនដែលធ្វើឱ្យជាតិបែកបាក់ បាត់បង់សន្តិភាព និងបាត់ស្ថេរភាពសង្គមជាតិ។

ក្នុងដំណើរជួបសំណេះសំណាលដោយផ្ទាល់នៅតាមវាលស្រែរយៈពេល១ថ្ងៃពេញនេះ ក្រោមទឹកមុខញញឹម និងខ្លះទៀតមានទឹកភ្នែករលីងរលោងនោះ ប្រជាកសិករបានសម្តែងការអរគុណ និងដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចលោកបានយកចិត្តទុកដាក់ទទួលដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើស្រែអាស្រ័យផល ប្រមូលផលនៅលើដីតំបន់៣ បានចប់មួយរដូវដោយពេញលេញ ដើម្បីដោះស្រាយបំណុល និងផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្រៅពីសម្តែងការដឹងគុណ ប្រជាពលរដ្ឋទាំងអស់ បានលើកដៃប្តេជ្ញាសន្យាយ៉ាងមុតមាំថានឹងគាំទ្រតែគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូត ព្រមទាំងគាំសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដោយមិនងាករេ មិនជឿ មិនបាញ់បោកគណបក្ស ឬអ្នកនយោបាយណាផ្សេងដាច់ខាតទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ៕