(កំពង់ធំ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំយុទ្ធនាការចាក់ថ្នាំការពារ ជម្ងឺឆ្លងដល់សត្វគោ-ក្របី ក្រោមការដឹកនាំរបស់លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីលោកអភិបាលស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើននាក់ ដែលពិធីនេះ បានរៀបចំឡើងនៅភូមិប្រាសាទ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ចាន់ បញ្ញាវ័ន្ធ ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា សត្វគោ ក្របី មានចំនួនសរុប១៩៩.៦៦៤ ក្បាលក្នុងនោះ សត្វគោមានចំនួន១៦៥.៣៤៩ ក្បាល និងសត្វក្របីមានចំនួន៣៤.៣១៥ក្បាល។ ស្ថានភាព សត្វបក្សី និងសត្វជ្រូកពុំ មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយឡែក សត្វគោ-ក្របី ចាប់ពីថ្ងៃទី១២ ខែមីនា រហូតមកដល់ពេលនេះមានផ្ទុះ ជម្ងឺបូសខ្យល់ គោ-ក្របី មានចំនួនបួនស្រុកគឺ ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ហើយគោ-ក្របី ឈឺមានចំនួន២៨៤ក្បាល ក្នុងនោះក្របីមាន ចំនួន៩៥ក្បាល។
ការិយាល័យផលិតកម្ម និងបសុព្យាបាល បានព្យាបាលសត្វចំនួន២៤១ក្បាល និងស្លាប់ចំនួន៤៣ក្បាល ក្នុងនោះក្របីមានចំនួន១៥ ក្បាល ហើយបានចុះចាក់ថ្នាំការពារជម្ងឺបូសខ្យល់បានចំនួន ១៦៤១ក្បាល ក្នុងនោះក្របីចំនួន១៧០ក្បាល។
លោក អ៊ុត សំអន បានសំណូមពរឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋចូលរួម ជាមួយជំនាញដើម្បីចាក់ថ្នាំ ការពារទប់ស្កាត់នូវជម្ងឺឆ្លងសត្វ ជួយរាយការណ៍ពី ស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឲ្យបាន១០០% ការចិញ្ចឹមសត្វកុំឲ្យលែងស៊ីតាមវាល តាមព្រៃពុំមានខ្សែចងត្រឹមត្រូវនិងមន្ត្រីជំនាញត្រូវបង្កើន ការផ្សព្វផ្សាយពីជម្ងឺសត្វ ឲ្យបានទូលំទូលាយ៕