(ពោធិ៍សាត់)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន និងលោក ខូយ សុខា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ ក្នុងនោះចំនួន៤២០គ្រួសារ ចែកជូននៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ និងភូមិភូមិក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងចំនួន៤២០គ្រួសារផ្សេងទៀតចែកជូននៅភូមិស្រែប្រិយ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាស នៃការសំណេះសំណាលខាងលើ លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់តំណាង អង្គការ Rahma internasional Society ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

លោកក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នេីរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្តម្នាក់ដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាមរស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

លោក រ៉ូហ្វី អូស្មាន បានបន្ថែមថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីទទួលបាននូវម្លប់សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិបន្ថែមទៀត។

បន្ថែមពីនេះ លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋឲ្យបន្តថែរក្សាសុខសន្តិភាព និងត្រូវចេះការពារខ្លួន ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។

ចុងបញ្ចប់ នៃពិធីខាងលើ លោក រ៉ូហ្វី អូស្មាន បានបន្តដឹកនាំគណៈប្រតិភូមកចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន៤២០គ្រួសារផ្សេងទៀតនៅ ភូមិស្រែប្រិយ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សូមជម្រាបថា អំណោយដែលទទួលបានពីអង្គការខាងលើសម្រាប់ ចំនួន៨៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ស្ករស៥គីឡូក្រាម និងត្រីខ១យួរ៕