(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មិនត្រូវធ្វើអ្វីប្រាសចាកពីតួនាទី និងភារកិច្ចរបស់ខ្លួននោះទេ ព្រោះត្រូវដឹងថា ភ្នាក់ងារសន្ដិសុខឯកជន មិនមែនជាមន្ដ្រីនគរបាលយុត្តិធម៌នោះឡើយ។

ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៣ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា បើទោះបីភ្នាក់ងារសន្ដិសុខឯកជន មិនមែនជានគរបាលយុត្តិធម៌ក៏ពិតមែន ប៉ុន្ដែភ្នាក់ងារសន្ដិសុខឯកជន គឺជាជំនួយដ៏សំខាន់ជូនមន្ដ្រីនគរបាលយុត្តិធម៌ លើការងារការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដូច្នេះហើយត្រូវរាយការណ៍រាល់សកម្មភាពល្មើសច្បាប់ជូនសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងបែបនេះថា «យើងទាំងអស់គ្នាមិនមែនជាមន្ដ្រីនគរបាលយុត្តិធម៌នោះទេ ដូច្នេះមានតែសមត្ថកិច្ចទេដែលមានសិទ្ធិកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ ដូច្នេះក្នុងករណីចាប់បានជនសង្ស័យដែលប្រព្រឹត្តបទល្មើស ត្រូវប្រគល់ជនល្មើសទៅឲ្យសមត្ថកិច្ចភ្លាម ជៀសវាងកុំឲ្យបញ្ហាផ្នែកច្បាប់ទៅលើយើងទាំងអស់គ្នា។ ត្រង់ចំណុចនេះត្រូវអនុវត្តឲ្យបានល្អ»

លោកបន្ថែមថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិសាធាណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។ ប្រសិនបើ ភ្នាក់ងារសន្តិសុខឯកជន បានឃើញ ឬសង្ស័យលើសម្មភាពល្មើសច្បាប់ណាមួយត្ រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ឬក្នុងករណីបទល្មើសជាក់ស្តែង ភ្នាក់ងារសន្តិសុខ ក៏មានសិទ្ធិជួយជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ហើយត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា កិច្ចការពារសន្តិសុខសុវត្ថិភាពសង្គម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាតាមគ្រប់គ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសយើងផងដែរ។ ជាពិសេសយើងរួមគ្នា អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញនូវ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» ផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាព នៅតាមបណ្តាភូមិ-ឃុំ-សង្កាត់ មិនឲ្យមានបទល្មើសកើតឡើង។

ក្នុងនាម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ លោកក៏បានលើកទឹកចិត្ត និងគាំទ្រ ដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើស គ្រឿងញៀន បង្ខាំងមនុស្សខុសច្បាប់ ការប្រើប្រាស់អំពីហឹង្សា និងការរំលោភបំពានលើកុមារ និងស្ត្រីជាដើម នៅតាមបណ្តាគោលដៅរបស់ខ្លួន (ពិសេសបុរី ខុនដូរ អាផាតមិន)។

មួយវិញទៀត លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សូមអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជននៅតាមបុរី ត្រូវមានការហ្វឹកហាត់ជំនាញ បង្ការ និងពន្លត់អគ្គីភ័យ និងកិច្ចការងារតាមដានត្រួតពិនិត្យជនសង្ស័យ ដែលមានបំណងចង់ប្រព្រឹត្តបទល្មើសនៅគោលដៅរបស់យើង និងជាពិសេសត្រូវយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។

រយៈពេល០២ថ្ងៃនៃការបណ្ដុះបណ្ដាលនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន ឲ្យបានសមស្របតាមក្រមសិលធម៌វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕