(កំពត)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានថ្លែងប្រាប់ប្រជាពលរដ្ឋថា គណបក្សនយោបាយនៅកម្ពុជាគឺមានច្រើន តែមានតែគណបក្សប្រជាជនតែមួយគត់ដែលពលរដ្ឋអាចផ្ញើវាសនា អនាគត និងអាយុជីវិតបាន។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៣៥០នាក់ និងអបអរសាទរសមាជិកថ្មីប្រមាណ១៤០នាក់ មកពីស្រុកឈូក ស្រុកដងទង់ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង១៥០០ម៉ែត្រ អមដោយបង្គោលភ្លើង១០០ដើម និងអំពូលសូឡា១០០អំពូល នាថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
លោក មាស ប៊ុនឡី បានបន្តថា «សម្តេចតេជោ ហ៊ុន សែន ជាអ្នកខិតខំនាំយករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សមកអនុវត្តនៅកម្ពុជា ក្នុងគោលបំណង់តែមួយគត់ គឺដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងបក្សនយោបាយដែលខ្លួនពេញចិត្ត ប៉ុន្តែមានតែគណបក្សប្រជាជនតែមួយគត់ដែលពលរដ្ឋអាចផ្ញើវាសនា អនាគត និងអាយុជីវិតបាន»។
លោក មាស ប៊ុនឡី ក៏បានក្រើនរំលឹកនិងជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋក្នុងឃុំទាំងអស់ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំនូវវិធានសុវត្តិភាព ៣កុំ ៣ការពារ ពិសេសអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អូមីក្រុង ហើយត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា។
លោក យូ សិរីវុឌ្ឍ បានឱ្យដឹងដែរថា គណបក្សនយោបាយនៅកម្ពុជាមានច្រើន ដោយសារកម្ពុជាកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែតាមការមើលឃើញជាក់ស្តែងមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលប្រជាពលរដ្ឋអាចផ្ញើជោគវាសនា អនាគត និងអាយុជីវិតបាន ដោយសារបក្សនេះមានប្រមុខដឹកនាំល្អអាចរំដោះប្រទេសពីសង្គ្រាម ចរចាស្វែងរកសន្តិភាព ជំរុញការអភិវឌ្ឍ ពិសសនៅក្នុងបរិបទកូវីដ១៩ ប្រធានគណបក្សប្រជាជនបានរិះរកគ្រប់មធ្យោបាយដើម្បីការពារអាយុជីវិតពលរដ្ឋ តាមរយៈការដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ និងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ៕