(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ បានសម្រេចថានឹងរៀបចំបង្កើតក្រុមការងារថ្នាក់ខេត្តមួយដើម្បីចុះទៅពិនិត្យ និងពិភាក្សាគ្នាជាក់ស្តែងលើបញ្ហានៃការតាំងទីលំនៅរបស់ប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងកាបូនរេដបូក។

ការត្រៀមបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីការរាយការណ៍ពីសំណាក់កញ្ញា Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) នាឱកាសជួបពិភាក្សាជាមួយលោកអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដើម្បីពិភាក្សាការងារជុំវិញការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិរយៈពេលកន្លងមក ដោយផ្តោតសំខាន់លើគម្រោងកាបូនរេដបូកតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដោយមានគោលបំណងបីយ៉ាងធំៗ គឺដើម្បីបានជាប្រយោជន៍សម្រាប់ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរក្សាការពារព្រៃឈើឱ្យនៅគង់វង្ស ដោយសារតែព្រៃឈើគឺជាកន្លែងស្ដុកកាបូនសម្រាប់លក់ និងដើម្បីនាំប្រាក់ចំណូលជូនរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់អ្នកទិញឥណទានកាបូនព្រៃឈើនៃតំបន់ជួរភ្នំក្រវាញ គឺមកពីទ្វីបអឺរុប និងសហរដ្ឋអាមេរិក ហើយការលក់បានចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ ចំពោះជំនួយហិរញ្ញវត្ថុដែលផ្តល់ជួនខេត្តរយៈពេលកន្លងមក គឺជាលទ្ធផលផ្ទាល់នៃការលក់ឥណទានកាបូនព្រៃឈើជួរភ្នំក្រវាញទៅឱ្យក្រុមហ៊ុនអន្ដរជាតិ ដែលទិញពិន្ទុឥណទានស្រូបកាបូនជាថ្នូរនឹងការបំភាយឧស្ម័នកាបូនិច។ នេះមានន័យថា ប្រជាពលរដ្ឋនៅតំបន់ជួរភ្នំក្រវាញកំពុងតែធ្វើការដោយមានភ្ជាប់ចំណងផ្ទាល់ជាមួយក្រុមហ៊ុននានានៅឯក្រៅប្រទេស ដើម្បីទប់ស្កាត់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុសកលលោក។

កញ្ញា Suwanna បានបង្ហាញផែនទីទីតាំងដីដែលប្រជាពលរដ្ឋបានតាំងទីលំនៅនៅទំនប់អាតៃ២ ដោយបានបញ្ជាក់ថា «ការតាំងទីលំនៅនៅទំនប់អាតៃ២នេះមានប្រជាពលរដ្ឋចំនួន២៧គ្រួសារ បានឯកភាពដោះដូរទទួលសំណងផលប៉ះពាល់ទៅទីតាំងថ្មី។ ចំពោះប្រជាពលរដ្ឋនៅអូរវល្លិពែនក៏ដូច្នោះដែរ គឺបានចូលទៅតាំងទីលំនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងរេដបូកផងដែរ»

ជាការឆ្លើយតប លោកអភិបាលខេត្ត ជាវ តាយ បានបញ្ជាក់ថា «ដើម្បីឱ្យការអនុវត្តម្រោង និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ រដ្ឋបាលខេត្តនឹងរៀបចំបង្កើតក្រុមការងារថ្នាក់ខេត្តមួយ ដើម្បីចុះទៅពិនិត្យ និងពិភាក្សាគ្នាជាក់ស្តែងជាបន្តទៀត»

លោកបានបន្តថា តំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធានាបាននូវនិរន្តភាពការពារសក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិ សម្រាប់តម្កល់ជូនឧត្តមប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ ហើយលោកក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងនេះផងដែរ។

កញ្ញា Suwanna បានឱ្យដឹងទៀតថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ការពារធម្មជាតិ ពិតជាមានសារៈសំខាន់ណាស់ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិវឌ្ឍជីវចម្រុះ សំដៅការរស់នៅដោយចីរភាព និងធ្វើឱ្យគម្រោងកាបូនរេដបូកតំបន់ជួរភ្នំក្រវាញទទួលបានលទ្ធផលជាផ្លែផ្កា។ តែទោះជាយ៉ាងនេះក្តី ជុំវិញការអនុវត្តច្បាប់ក៏នៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវធ្វើការដោះស្រាយ។

លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងល្អជាមួយមន្រ្តីបរិស្ថាន ឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ទ្ធនានាសម្រាប់តំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់៕