(ប៉ៃលិន)៖ លោក យឹម ជុង អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកអង្គវិបស្សនា ក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ នៅរីហ្សត មេម៉ូរីយា ផាឡេស ស្ថិតនៅភូមិបរយាខា សង្កាត់បរយាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ស៊្រិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍ពីសកម្មភាព របស់ក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថា ទោះស្ថិតនៅក្នុងបរិបទ នៃជំងឺកូវីដ១៩ ក៏ដោយនៅក្នុង ឆ្នាំ២០២១ កន្លងមក ក្រុមការងារ បានធ្វើការយ៉ាងទៀងទាត់ តាមរយៈការប្រជុំតាមប្រព័ន្ធអនឡាញ ការធ្វើបទបង្ហាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត អង្គការជាតិ អន្ដរជាតិ ដៃអភិវឌ្ឍន៍នានា ដែលមានការពាក់ព័ន្ធ និងការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។

លោកប្រធាននាយកដ្ឋាន បានបន្តថា អង្គវិបស្សនានេះ មានគោលបំណង សំខាន់ៗចំនួន៤គឺ៖
ទី១៖ ផ្លាស់ប្ដូរបទពិសោធន៍អំពីការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកសហគមន៍ និងការលើកកម្ពស់អនាម័យជនបទ នៅខេត្តប៉ៃលិន ទី២៖ ពិនិត្យមើលដំណើរការ និងយន្ដការនានាឲ្យកាន់តែល្អប្រសើរឡើង របស់ក្រុមការងារផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទ
ទី៣៖ ធ្វើឲ្យកាន់តែប្រសើរឡើងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសមាជិកក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ
និងទី៤៖ ត្រួតពិនិត្យវឌ្ឍនភាព និងសកម្មភាពការងាររបស់អនុក្រមនីមួយៗដោយធ្វើការប្រៀបធៀប ទៅនឹងផែនការឆ្នាំ២០២២។

លោក យឹម ជុង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលរាជរដ្ឋាភិបាលបានចាត់ទុកថា ជាវិស័យអាទិភាព ដោយបានកំណត់នូវទស្សនៈវិស័យ និងគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវា ផ្តត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យស្អាត ប្រកបដោយនិរន្តរភាព។

លោកបានបន្តថា ដើម្បីឈានតៅសម្រេចបាននូវគោលដៅខាងលើ ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្ត នូវផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ ៩០% ទាំងសេវាផ្គត់ផ្គង់ទឹកស្អាតការសំអាត និងអនាម័យជនបទនៅឆ្នាំ២០២៣។

លោកអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋាន ថែទាំសុខភាពជនបទ ត្រូវបន្តកិច្ចសហប្រតិបត្តិការកៀងគរជាមួយដៃគូបន្ថែមទៀត ដើម្បីឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទសម្រេចបាន តាមការគ្រោងទុក។

តមកសមាជិកអង្គវិបស្បនា បានអញ្ជើញទៅពិនិត្យស្វែងយល់ ពីប្រព័ន្ធចែកចាយទឹកសហគមន៍ នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងពិពិនិត្យទីផ្សារលក់សម្ភារៈបរិក្ខាអនាម័យនៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ៕