(ភ្នំពេញ)៖ យ៉ាងហោចណាស់មាន បាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន ១១នាក់ទៀត ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

 បើតាមមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ, នៅថ្ងៃទី២២, ២៣, ២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុម បាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏សរុបចំនួន១៨១នាក់នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។ ជាលទ្ធផលគិតត្រឹមម៉ោង១៥:០០នាទីនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះមានចំនួន១១នាក់ បន្ថែមទៀត ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩។

ការរកឃើញបាតុករវិជ្ជមានកូវីដ-១៩នេះ បានបញ្ជាក់ថា ពួកគាត់ពុំបានអនុវត្តវិធីចត្តាឡីស័កបានត្រឹមត្រូវ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរពឱ្យបាន ម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕