(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ បានប៉ាន់ប្រមាណថាកាលពីឆ្នាំ២០២១ ប្រាក់បញ្ញើដែលពលករកម្ពុជា បានផ្ញើមកក្រុមគ្រួសារនៅក្នុងប្រទេសមានចំនួនប្រមាណ៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ។

ក្រសួងការងារបានបញ្ជាក់ថា «បើតាមការប៉ាន់ប្រមាណប្រាក់ដែលពលករកម្ពុជា បានផ្ញើជូនក្រុមគ្រួសារក្នុងមួយឆ្នាំៗប្រមាណ៣ប៊ីលានដុល្លារអាម៉េរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែក ជំរុញដល់កំណើន សេដ្ឋកិច្ចជាតិ ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករ កាន់តែប្រសើរឡើងផងដែរ»

បើតាមក្រសួងការងារ បច្ចុប្បន្ននេះពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្រៅប្រទេសសរុបចំនួន ១ ៣០១ ៦០៩ នាក់ ក្នុងនោះប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ ប្រទេសកូរ៉េចំនួន ៥៤ ៨៦៦នាក់ ម៉ាឡេស៊ីចំនួន ២៣ ០២៧នាក់ ជប៉ុនចំនួន ១១ ៤៥៣នាក់ សិង្ហបុរីចំនួន ៨២១នាក់ ហុងកុងចំនួន ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីត ៤៣នាក់។

ក្រសួងការងារបានគូសបញ្ជាក់ឱ្យដឹងទៀតថា ក្រសួងបានចុះបញ្ជីសហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួន១៣ ៥៧១ សហគ្រាស ដែលមានកម្មករ និយោជិតចំនួន១.៤លាននាក់ ដោយទទួលបានប្រាក់ឈ្នួលជាមធ្យមជាង ៣.៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយបើបូកប្រាក់បញ្ញើពីបងប្អូនពលក រនៅក្រៅប្រទេសជាង៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ធ្វើឱ្យប្រាក់ឈ្នួលសរុបមានចំនួនជាង ៦.៧ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ក្រសួងការងារបានពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមានថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណសម្បត្តិឱ្យបងប្អូនពលករទទួល បានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ ៕