(សៀមរាប)៖ គ្រួសារយោធិន និងអតីតយុទ្ធជន ក្នុងស្រុកអង្គរធំ ជិត២០០នាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទី៤ ដូសជំរុញ។

ក្នុងពិធីនាថ្ងៃទី ២៥ ខែគុម្ភៈ ឆ្នាំ២០២២ លោកវរៈសនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប បាន លើកឡើងថា ក្រោយពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ គន់ គឹម អនុប្រធានសមាគន៍អតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជន និងបទបញ្ជារបស់លោកមេបញ្ជាការយោធភូមិភាគទី៤ និងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប បានរៀបចំក្រុមការងារគ្រូពេទ្យ ចុះធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ប្រភេទ Pfizer ជូនដល់យោធិន គ្រួសារយោធិន និងអតីតយុទ្ធជន នៅតាមបណ្តាស្រុកចំនួន១១ ស្រុក ចាប់ពីថ្ងៃទី ១៥ កុម្ភៈ មក ។ ហើយស្រុកអង្គរធំ គឺជាស្រុកចុងក្រោយ ដែលមានអតីតយុទ្ធជនចំនួន ១៨៤នាក់។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់អតីតយុទ្ធជន មានស្រុកមួយចំនួន នៅសេសសល់មិនទាន់បានមកចាក់ តែក្រុមការងារ និងបន្តចាក់ជាលើកទី២ទៀត ជូនអតីតយុទ្ធឲ្យបានគ្រប់ៗគ្នា។

លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដូសទី៤ មានក្រុមគ្រូពេទ្យប្រតិបត្ដិការមកពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងសៀមរាប និងលោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគិតគូរពីសុខភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់នូវវ៉ាក់សាំងបង្កាជម្ងឺកូវិដ១៩ ចាក់ជូនដោយឥតគិតថ្លៃ និងថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គឹម អនុប្រធានសមាគន៍អតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជន ក៏ដូចអាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ក្នុងការបញ្ចុះក្រុមគ្រូពេទ្យកងទ័ព មកចាក់ជូនដល់អតីតយុទ្ធជនស្រុកអង្គរធំនាពេលនេះ។

លោកក៏បានណែនាំដល់យោធិន គ្រួសារយោធិន និងអតីតយុទ្ធជនទាំងអស់ ដែលបានមកទទួលចាក់វ៉ាក់សាំង ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនបន្ថែមទៀត ដើម្បីជៀសផុតពីជម្ងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពិសេសក្រោយពេលចាក់វ៉ាក់សាំងរួចនេះ មិនត្រូវពិសារគ្រឿងស្រវឹង រយៈពេលយ៉ាងតិច១សប្តាហ៍ ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការប្រឆាំងមេរោគកូវីដ-១៩៕