(ភ្នំពេញ)៖ លោក ដួង តារា តំណាងឲ្យសម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលរួម ប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជន បេក្ខនារី ទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជន គំរូកម្ពុជា» នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៦។ក្រៅពីនោះ ក៏មានការចួលរួមពីបេក្ខជន បេក្ខនារី ឪពុកម្តាយ និងអណាព្យាបាលមួយចំនួនផងដែរ។
សំរាប់ជ័យលាភីដែលផ្តល់ជូននាពេលនេះមានរួមមានបេក្ខជន Top-1 ទទួលបានរង្វាន់ iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា១កំប៉្លេ ថវិកាមួយចំនួន និងប័ណ្ណសរសើរ១ និង បេក្ខជនជាប់ Top 10 គឺទទួលបានសំលៀកបំពាក់កីឡា១កំប៉្លេ ថវិកា និងប័ណ្ណសរសើរ សម្តេចនាយករដ្ឋមន្រ្តី ។
ឪពុកម្តាយ អាណាព្យាបាល និងអ្នកគាំទ្រដែលបានមកចូលរួមក្នុងកម្មវិធីមានក្តីរីករាយរំភើបដែលបានមកចូលរួមក្នុងកម្មវិធីដ៏មាន សារៈសំខាន់នេះ។ យុវជនយុវនារីជ័យលាភីទាំងអស់បានថ្លែង អំណរគុណសម្តេចតេជោ ដែលបានរៀបចំអោយមានកម្មវិធីដែលផ្តល់ នូវឱកាស គ្រប់យ៉ាងដល់យុវជនដោយគ្មានការរើសអើងនៅក្នុងជំនឿសាសនា និងនិន្នាការនយោបាយ។
បន្ទាប់ពីចែករង្វាន់ជ័យលាភី រួចមក បេក្ខជន បេក្ខនារី ក៏បានថតរូបអនុស្សាវរីយ៍ ជាមួយគ្នា និងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និងបន្តដើរទស្សនាវិមានរាជរដ្ឋាភិបាលជាមួយទឹកមុខរីករាយ និងមោទនៈភាពបំផុត។
គួរបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» គឺជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីកសាងអំពើល្អនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញឿននិងល្បែង អបាយមុខផ្សេងៗ ។ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងយុវជនចែករំលែកទេព្យ កោសល្យនិងស្នាដៃគំរូល្អ ដែលខ្លួនមានដល់យុវជនដ៏ទៃទៀតក្នុងសង្គម៕