(បន្ទាយមានជ័យ)៖ ថ្នាំញៀនជាច្រើនប្រភេទ ត្រូវជនជាតិថៃ ប្រុសស្រី២នាក់ លួចលាក់ទុកក្នុងបន្ទប់ សម្រាប់បន្តចែកចាយនៅក្រុងប៉ោយប៉ែត ប៉ុន្តែត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហកាជាមួយកម្លាំងក្រុងប៉ោយប៉ែត បានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួន ដោយដកហូតវត្ថុតាងមួយចំនួនធំ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
មន្ត្រីនគរបាលជំនាញ បានប្រាប់អ្នយកព័ត៌មានឲ្យដឹងថា ការបង្រ្កាបជនជាតិថៃប្រុសស្រីចំនួន២នាក់ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ដោយបានចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មានឲ្យ។
ជនសង្ស័យទី១មានឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ និងទី២ ឈ្មោះ ឆៃយ៉ាផន ភុនធុម (Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ។
ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥,២/ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០គ្រាប់ ម្សៅក្រាមសថ្លា ចំនួន១០៣ថង់ សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន កូនជញ្ជីងចំនួន១ ទូរស័ព្ទដៃចំនួន២គ្រឿង និងដែកកេះមួយចំនួន។
មន្ត្រីជំនាញបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីចាត់ការទៅតាមច្បាប់៕