(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ និងថវិកាផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាចំនួន៧០គ្រួសារ នៅសហគមន៍វាលស្បូវ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ដើម្បីសម្រាលការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល។
លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាលបានឲ្យដឹងថា អំណោយដែលកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមាន៖ អង្ករ១ប៉ាវ មី១កេស, ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី១យួរ, ទឹកសុទ្ធ១កេស និងឃីត១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា៣មឺនរៀលផងដែរ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានជួយឧបត្ថម្ភដល់កុមារា កុមារី ដែលជាកូនចៅប្រជាពលរដ្ឋ ក្នុងសហគមន៍នូវឃីត១កញ្ចប់ ក្នុងនោះមាន អាវសិស្ស២ សៀវភៅសរសេរ ២ក្បាល ប៊ិច ១ដើម ខ្មៅដៃ១ដើម និងថវិកា ៥០០០រៀល ព្រមទាំងកង់០១គ្រឿង សម្រាប់ក្មួយធ្វើដំណើរទៅរៀនសូត្រចំនួន៣០គ្រឿង។
សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ណុប ផា អភិបាលរងខណ្ឌ លោក ញាណ ចាន់សោភា នាយករង រួមនឹង ចៅសង្កាត់ និងយុវជនសង្កាត់ ជាច្រើននាក់ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ដោយផ្ទាល់ ចំនួន៧០គ្រួសារនេះ។
ទន្ទឹមនឹងនេះដែរ អនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចុះអន្តរាគមន៍នាំទឹកចែកជូនដល់ប្រជាជន ក្នុងមូលដ្ឋានដែលបានជួបប្រទះនូវកង្វះខាតទឹកស្អាតប្រើប្រាស់នោះ លោកអភិបាលខណ្ឌ ក៏បានផ្តល់អណ្តូងទឹកចំនួន២ ដល់សហគមន៍វាលស្បូវនេះផងដែរ សម្រាប់បងប្អូនប្រើបប្រាស់។
លោក អ៊ាង ស៊ីផាន បានថ្លែងថា អនុវត្តតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចជាកាល អនុសាខាកាកបាទក្រហម ខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រ អត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌ ដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក។
ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយ អាជ្ញាធរ ខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំកៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមាន ជីវភាពខ្វះខាតទីទ័លក្រ។
លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៊ីមុខ របរណាដែលខុសច្បាប់ និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាពឲ្យបានប្រសើរឡើង។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សូមមានការ ប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នា៕