(សៀមរាប)៖ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីលើការអនុវត្តនីតិវិធីអនុវត្តថវិកាឲ្យកាន់តែមានសមត្ថភាពខ្ពស់នោះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាលខ្លីមួយជូនដល់មន្រ្តី ដែលកំពុងបំពេញ ការងារតាមអង្គភាពជំនាញជុំវិញខេត្តសៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ។
ពិធីបើកវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងនៅសណ្ឋាគារអ៉ីមផ្រេសអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងឲ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយក៏មានការអញ្ជើញចូលរួមពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
លោក ឃឹម ប៊ុនសុង បានស្វាគមន៍ចំពោះការបើកវគ្គបណ្តុះបណ្តាលនេះ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា កន្លងមកគ្រប់មន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀតនៅភូមិភាគឧត្តរ បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការងារកែទម្រ ងសំខាន់ៗរបស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងសម្រេចបានសមិទ្ធផលគួរជាទីមោទន។
លោកអភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា កន្លងមកនេះ ខេត្តសៀមរាប នៅមានជួបបញ្ហាប្រឈមខ្លះៗ សម្រាប់ការអនុវត្តការងារកែទម្រង់ខាងលើនេះ ដោយសារបញ្ហាកង្វះធនធានមនុស្ស ដែលមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់។
លោកបានថ្លែងដូច្នេះ «វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា នៅពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការកសាង និង អភិវឌ្ឍសមត្ថភាពព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីរាជការ នៃមន្ទីរ អង្គភាពជុំវិញសាលាខេត្តសៀមរាប ក៏ដូចជា សម្រាប់មន្ទីរ អង្គភាពនានាជុំវិញខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ពិសេសសម្រាប់រជ្ជទេយ្យករចំណូល រជ្ជទេយ្យករបុរេប្រទាន និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។
លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែង វគ្គបណ្តុះបណ្តាលធ្វើឡើង ដើម្បីចែករំលែកបទពិសោធន៍ នៃការងារថវិកាកម្មវិធី និង លើកកម្ពស់ការយល់ដឹងរបស់រជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ នៃមន្ទីរ អង្គភាពជំនាញជុំវិញខេត្តសៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងដំណាក់កាលទី៣ ជាពិសេសសម្រាប់ការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅក្នុងឆ្នាំ២០១៦នេះ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពគ្រប់ជ្រុងជ្រោយ និង ប្រកបដោយសីលធម៌វិជ្ជាជីវៈ។
លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ ដើម្បីសម្រេចជោគជ័យក្នុងការអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ជាក់ស្តែងនៅឆ្នាំ២០១៥ កន្លងមក ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន និង បន្តបន្ទាប់ពាក់ព័ន្ធនឹងវិធីសាស្រ្ត នីតិវិធី និង គោលការណ៍ណែនាំសម្រាប់អនុវត្តថវិកាកម្មវិធី ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការជំនាញ និង ថ្នាក់ដឹកនាំរបស់ អង្គភាពថវិកានៃក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវទ ។ លើសពីនេះ នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០១៦ នេះ មានវគ្គបណ្តុះបណ្តាលចំនួន ៧ វគ្គ រួចមកហើយ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនមន្រ្តីរាជការ និង ថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធក្រោមឱវាទ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ និង មានសិក្ខាកាមសរុប ៨៣៨ នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ ។
ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបន្តទៀតថា គោលដៅចម្បងនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺដើម្បីផ្លាស់ប្តូរជាបណ្តើរៗ ពីប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ព្រមទាំងធ្វើឱ្យថវិកាក្លាយទៅជា “ឧបករណ៍គោលនយោបាយ” ដ៏ពិតប្រាកដក្នុងការវិភាជន៍ និង ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ឆ្លើយតបទៅនឹងសេចក្តី ត្រូវការ សំណូមពរ និង បំណងប្រថ្នារបស់ប្រជាជន ។ ដើម្បីឱ្យការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកាប្រព្រឹត្តទៅបានដោយរលូន សមស្របតាមនីតិវិធី និង មានប្រសិទ្ធភាព, ការបណ្តុះបណ្តាល និងកសាងសមត្ថភាពជូនមន្រ្តីរាជការពាក់ព័ន្ធនឹងវិធាន នីតិវិធី និងបទប្បញ្ញត្តិស្តីពីថវិកាកម្មវិធី ជាការងារចាំបាច់ ជាពិសេសចំពោះមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ រជ្ជទេយ្យករ និង រជ្ជទេយ្យកររង របស់អង្គភាពថវិកានៃក្រសួងស្ថាប័ន និង មន្ទីរ អង្គភាពក្រោមឱវាទ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ នេះ ។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលរបស់យើងនៅពេលនេះ ពិតមានសារសំខាន់ និង ត្រូវបានរៀបចំឡើងបានទាន់ពេលវេលាឆ្លើយតបទៅនឹងសេចក្តីត្រូវការយ៉ាងពិតប្រាកដ ។
លោករដ្ឋលេខាធិការ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ និងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ឱ្យបានផុសផុល ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះនៃមេរៀនសម្រាប់យកទៅអនុវត្តនៅក្នុងការដ្ឋានការងារ នៅពេលត្រឡប់ទៅកាន់មន្ទីរ អង្គភាពរៀងៗខ្លួនវិញ ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានលើកឡើងផងដែរថា ឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាងសមត្ថភាពសម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលថែមទៀត ជូនដល់មន្រ្តីរាជការ របស់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និង នៅថ្នាក់ក្រោមជាតិ ពិសេស គឺវគ្គបណ្តុះបណ្តាលជាស៊េរីកម្រិតវិញ្ញាបនបត្រ សម្រាប់មន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង សហគ្រាសសាធារណៈរបស់រដ្ឋ ដែលនឹងត្រូវតែតាំងជារជ្ជទេយ្យករ រជ្ជទេយ្យកររង ភ្នាក់ងារបើកផ្តល់ និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ។
លោករដ្ឋលេខាធិការ បានស្នើសុំដល់ក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងអស់ ត្រៀមសហការ និង ចាត់បញ្ជូនមន្រ្តីឲ្យសមស្រប ដើម្បីចូលរួម ព្រោះថាវគ្គបណ្តុះបណ្តាលទាំងនោះ មានសារសំខាន់ និង មិនឤចរករៀន បាននៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័យទូទៅនោះទេ៕