(ឧត្តរមានជ័យ)៖ ការិយាល័យមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១៦នាក់ (ប្រុស៥នាក់ និងស្រី១១នាក់) មកពីវិទ្យាល័យ ហ៊ុន សែនត្រពាំងតាវ និងវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ដើម្បីចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទ្រឹស្តីសំខាន់ទាក់ទងនឹងសន្ដិភាព។

យុវជននៃវិទ្យាល័យទាំងពីរនេះ បានទទួលការសា្វគមន៍គ្នាដោយភាពរួសរាយរាក់ទាក់ និងមានការស្វែងយល់ពីគ្នាទៅវិញទៅមក បើទោះបីសាលារៀនរបស់សិស្សទាំងពីរក្រុមនេះមានចម្ងាយឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។

ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានយកចិត្ដទុកដាក់ខ្ពស់ ទៅលើការអនុវត្ដវិធានការថែរក្សានូវសុខុមាលភាព ដើម្បីទប់ស្កាត់ និងជៀសឆ្ងាយពីជំងឺវិវឌ្ឍន៍ថ្មីអូមីក្រុង តាមរយៈការអនុវត្ដវិធានការបីកុំ និងបីការពាររបស់ក្រសួងសុខាភិបាល។

ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានធ្វើការវាស់កម្ដៅ ការបាញ់ទឹកអាល់កុលសម្អាតដៃសិស្សានុសិស្ស ការរក្សាគម្លាត និងការបើកបង្អួចឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។

បន្ទាប់ពីការរៀបចំ និងអនុវត្ដវិធានការការពាររួចមក ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងចែកជូនក្រដាសស្ទាបស្ទង់ចំណេះដឹង (មុនវេទិកាចាប់ផ្តើម) ចំនួន១៦ច្បាប់ ទៅកាន់សិស្សានុសិស្សដើម្បីបំពេញ។បន្ទាប់មកក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងនឹងធ្វើការប្រៀបធៀបនៅក្រោយវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីឲ្យដឹងថាសិស្សានុសិស្សចំនួនប៉ុន្មាននាក់ ឬប៉ុន្មានភាគរយមានការកើនឡើង ចំណេះដឹងផ្នែកប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ។

ក្រោយបំពេញសំណួរស្ទាបស្ទង់ចំណេះដឹងចប់ ក៏មានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការបង្រៀនបែបសហការ ដើម្បីស្វែងយល់អំពីជំពូកសំខាន់ៗ នៅក្នុងសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ» ព្រមទាំងនិយមន័យនៃអំពើប្រល័យពូជសាសន៍ ដោយបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។

សិស្សានុសិស្សមានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សាស្វែងយល់កាន់តែច្បាស់ ទៅលើអំពើប្រល័យពូជសាសន៍ ដែលបានកើតឡើងប្រមាណជាង៤០ឆ្នាំមុន នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឲ្យប្រជាជនប្រមាណជិតពីរលាននាក់ បានស្លាប់បាត់បង់ជីវិតដោយសារភាពអត់ឃ្លាន ការធ្វើទារុណកម្មនិងការសម្លាប់។ សំណួរពាក់ព័ន្ធនឹងប្រធានបទនេះ ត្រូវបានចោទសួរដោយសិស្សានុសិស្សនៅក្នុងក្រុមថា តើហេតុអ្វីបានជាខ្មែរក្រហមមិនឲ្យប្រជាជនហូបឆ្អែត ហើយទិន្នផលដែលធ្វើបាន តើខ្មែរក្រហមបានយកទៅណា? ទន្ទឹមគ្នានេះដែរ សិស្សានុសិស្សបានចោទសួរបន្ថែមថា តើហេតុអ្វីបានជាខ្មែរក្រហមបង្កើត របបកម្ពុជាប្រជាធិបតេយ្យឡើង? តើបង្កើតឡើងដើម្បីបំបិទសិទ្ធិសេរីភាពប្រជាជន លុបបំបាត់អ្នកចេះដឹង? ឬសម្លាប់មនុស្សទូទៅដោយមិនញញើតដៃបែបនេះ ឬយ៉ាងណា? សិស្សានុសិស្សបានសួរសំណួរបន្ថែមថា តើរបបខ្មែរក្រហមបង្កើតឡើង ដោយទទួលឥទ្ធិពលមនោគមវិជ្ជាពីខាងណា ឬប្រទេសណា ហើយមានស្ដេចគ្រងរាជ្យដែរ ឬទេក្នុងជំនាន់នោះ?

ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់សិស្សានុសិស្សខាងលើនេះ វាគ្មិនបានប្រើប្រាស់វិធីសាស្រ្ដ ទៅលើការបែងចែកការងារជាក្រុមទៅកាន់សិស្សានុសិស្ស ដោយផ្ដោតលើជំពូកផ្សេងៗគ្នា ដោយបានដកស្រង់ចេញពីសៀវភៅមេរៀនគោល «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីឲ្យ សកម្មភាពនៅក្នុងក្រុមមានការផុសផុលឡើង តាមរយៈការស្រង់យកនូវខ្លឹមសារសង្ខេបនៃមេរៀន ឬចំណុចសំខាន់ ដើម្បីធ្វើបទបង្ហាញទៅកាន់ក្រុមដទៃផ្សេងទៀត។ នៅក្នុងកិច្ចការនេះ សមាជិកចំនួន៤នាក់នៅតាមក្រុមនីមួយៗ ត្រូវបានបែងចែកតួនាទីផ្សេងៗគ្នាទៀតគឺ ១) អ្នកសម្របសម្រួល, ២) អ្នកកត់ត្រា ៣) អ្នកជំរុញលើកទឹកចិត្ដ និង ៤) អ្នករាយការណ៍ផ្ទាល់ ដែលជាការជំរុញឲ្យកិច្ចការក្រុមទាំងមូលមានប្រសិទ្ធភាពខ្ពស់។

មួយវិញទៀត វេទិកានេះ បានជំរុញឲ្យសិស្សានុសិស្សមានការចងចាំពីខ្លឹមសារមេរៀន តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្តឯកសារអំពីមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែង ដែលប្រភេទខ្សែភាពយន្តឯកសារដ៏កម្រ ដែលរក្សាទុកនៅក្នុងបណ្ណសារ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងត្រូវបានយកមកប្រើប្រាស់ជំនួស ឲ្យការពន្យល់ក្នុងវិធីសាស្រ្ដដទៃផ្សេងទៀត។ ការការចាក់បញ្ចាំងខ្មែរភាពយន្តឯកសារបែបនេះ គឺធ្វើឲ្យមានការគិតយ៉ាងទូលំទូលាយទៅលើប្រវត្ដិសាស្រ្ដ និងជំរុញឲ្យមានការចងចាំក្នុងរយៈពេលយូរ។ ខ្សែភាពយន្តឯកសារនេះ ពិតជាបានបង្ហាញនូវអត្ថន័យនៃភាពអកុសលនៃជនរងគ្រោះដែលត្រូវបានឃុំឃាំង និងធ្វើទារុណកម្មនៅក្នុងមន្ទីរសន្ដិសុខស-២១ មុននឹងត្រូវយកទៅសម្លាប់ចោលនៅវាលពិឃាតបឹងជើងឯក។ ភាពអសោចនៃសាកសពជនរងគ្រោះ ត្រូវបានបង្ហាញតាមរយៈវីដេអូដែលថតដោយកងទ័ពវៀតណាមតែប៉ុន្មានថ្ងៃប៉ុន្មានក្រោយកងទ័ពទាំងនោះបានចូលមកដល់ទីក្រុងភ្នំពេញ។

រូបនៃអំពើប្រល័យពូជសាសន៍ទាំងនេះ បានពិពណ៌នាដោយចេតនានៃភាពស្អប់ខ្ពើម និងការរើសអើងដែលឈានទៅដល់ការបំផ្លិចបំផ្លាញស្ទើរទាំងស្រុងទៅលើក្រុមជនជាតិ ជាតិពិន្ធុ ពូជសាសន៍ ឬក្រុមសាសនាដទៃផ្សេងទៀត ដោយមានការប្រកាន់និន្នាការនិយមលាបពណ៌។ ចេតនានៃអំពើឃោរឃៅទាំងនេះហាក់បានឆ្លុះបញ្ចាំង និងដាស់តឿនដល់សិស្សានុសិស្សឲ្យរៀនសូត្រពីរឿងរ៉ាវដែលសង្គមរបស់ខ្លួនបានឆ្លងកាត់ហើយងាកមករកសាមគ្គីភាព និងរស់នៅដោយចេះទទួលស្គាល់នូវភាពសម្បូរបែបរបស់មនុស្សជាតិនៅក្នុងសង្គម។

ទាំងនេះគឺជាគោលដៅដែលជំរុញឲ្យមានការបង្កើតសកម្មភាពនៃការបណ្ដុះគំនិតក្នុងការធានាបានថា បទពិសោធន៍ដ៏ជូរចត់របស់សង្គមកម្ពុជានឹងមិនវិលត្រឡប់សារជាថ្មីម្ដងទៀតទេ។ ក្រោយមកទៀត ខ្សែភាពយន្តឯកសារ «ខ្មែរបាត់បង់តន្រ្ដីរ៉ក់» ក៏ត្រូវបានចាក់បញ្ចាំងបន្ថែមទៀត បន្ទាប់ពីសិស្សានុសិស្សហូបអាហារថ្ងៃត្រង់រួច។ ខ្សែភាពយន្តឯកសារនេះ បានទាញចំណាប់អារម្មណ៍សិស្សានុសិស្សឲ្យមើលឃើញ ពីភាពប្រែប្រួលរបស់តន្រ្ដីខ្មែរតាមសម័យកាល និងបង្ហាញពីការជម្នះក្នុងស្ថានភាពណាក៏ដោយរបស់តន្ដ្រីករខ្មែរ ដើម្បីគេចផុតពីការរលាយសាបសូន្យ ទោះបីទទួលឥទ្ធិពលនយោបាយ ឬវប្បធម៌បរទេសក៏ដោយ។ នៅក្នុងចំណុចនេះ សិស្សានុសិស្សនៅក្នុងក្រុមយល់ឃើញថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រជាជនខ្មែរស្វែងយល់នូវការសប្បាយតាមរយៈដូរ្យតន្ដ្រីក្នុងសង្គមរបស់ខ្លួន។

នៅក្រោយវេទិកាថ្នាក់រៀននេះ សិស្សានុសិស្សទាំង១៦នាក់ ស្មើនឹងមួយរយភាគរយមានការកើនឡើងចំណេះដឹង និងយល់ថា ការទប់ស្កាត់អំពើប្រល័យពូជសាសន៍តាមវិធីណាក៏ដោយគឺពិតជាមានសារសំខាន់សម្រាប់បុគ្គល សហគមន៍ និងសង្គមជាតិ តាមរយៈការពិនិត្យជាក់ស្ដែងទៅលើក្រដាសស្ទាបស្ទង់របស់សិស្សានុសិស្សម្នាក់ៗ។

បន្ទាប់ពីបានចូលក្នុងវេទិកានេះ សិស្សានុសិស្សចំនួន៤នាក់ មានចំណាប់អារម្មណ៍ និងការយល់ឃើញរបស់ខ្លួន។

ស៊ាន ចន្នី ភេទស្រី អាយុ១៩ឆ្នាំ គឺជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ លើកឡើងថា «ខ្ញុំបានយល់ដឹងប្រវត្ដិសាស្ដ្រខ្មែរក្រហមកាន់តែច្បាស់តាមរយៈវេទិកាថ្នាក់រៀន ដោយមានការធ្វើបាបប្រជាជន ការហូបចុកមិនគ្រប់គ្រាន់ ការរស់នៅរួម និងធ្វើការរួមរបស់ប្រជាជនក្នុងជំនាន់នោះ។ តាមរយៈវីដេអូឯកសារនៃមន្ទីរសន្តិសុខស-២១ ខ្ញុំឃើញប្រជាជនទទួលរងទុក្ខវេទនា ដែលរំឭកដល់យើងទាំងអស់គ្នាថា ត្រូវតែបន្ដស្វែងយល់ពីរបបខ្មែរក្រហមឲ្យកាន់តែច្បាស់លាស់បន្ថែមទៀត»

ហ៊ាន ស៊ីណា ភេទស្រី អាយុ១៩ឆ្នាំ រៀបរាប់ថា «វាពិតជាគួរឲ្យភា្ញក់ផ្អើលសម្រាប់ប្រវត្ដិសាស្រ្ដខ្មែរយើងតាំងពីដើមមកខាងផ្នែកចម្រៀង។ ដំបូងខ្ញុំមិនបានដឹងថា ប្រវត្ដិរបស់ ស៊ិន ស៊ីសាមុត យ៉ាងណានោះទេ គឺខ្ញុំមានការភ្ញាក់ផ្អើលព្រោះគាត់គឺជាតន្រ្ដីករឆ្នើម ប៉ុន្ដែនៅក្នុងជំនាន់ លន់ នល់ តន្រ្ដីកររូបនេះប្រែក្លាយជាកងទ័ពបម្រើជាតិទៅវិញ។ ខ្ញុំយល់ថាទិដ្ឋភាពបែបនេះបញ្ជាក់ថា មានការប្រែប្រួលពីសម័យមួយដែលលូតលាស់ ទៅជាសម័យកាលមួយជួបប្រទះនូវភ្លើងសង្គ្រាមទៅវិញ។ ខ្ញុំអាណិតចាស់ជរា និងក្មេងៗដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកនេះ»

ផាន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងតាវ លើកឡើងថា «ក្រោយពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀនប្រវត្ដិសាស្រ្ដ ខ្ញុំពិតជាមានអារម្មណ៍ស្រណោះប្រជាជន និងជនរងគ្រោះខ្លាំងណាស់។ ខ្ញុំដឹងប្រវត្ដិសាស្រ្ដបានច្រើនជាងមុន ថាហេតុអ្វីបានជាមានអំពើប្រល័យពូជសាសន៍កើតឡើង។ ខ្ញុំយល់ថា ប្រសិនបើយើងចង់ទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺយើងជាយុវជនត្រូវរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ត្រូវទប់ស្កាត់អំពើហិង្សា និងការរើសអើង»

ភាព រក្សា ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សនៃវិទ្យាល័យតេជោ ហ៊ុន សែន ត្រពាំងតាវ យល់ឃើញថា «វាជាឱកាសល្អដែលបានរៀនសូត្រ និងបានស្គាល់ពីប្រវត្ដិសាស្រ្ដនៃការតស៊ូរបស់ខ្មែរ ភាពឃោរឃៅរបស់ខ្មែរក្រហម និងអំពីសិល្បៈរបស់ខ្មែរ។ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺយើងត្រូវសិក្សារៀនសូត្រ និងបំបាត់ការរើសអើង»