(ភ្នំពេញ)៖ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មួយរូប ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទប្រកាន់ជាផ្លូវការនៅព្រឹកថ្ងៃទី២ ខែមេសា ពីបទសូកប៉ាន់សាក្សី និង សមគំនិតសូកប៉ាន់សាក្សី បន្ទាប់ពីសាកសួរអស់ជាច្រើនថ្ងៃ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក នី សុខា លោក យី សុខសាន្ត លោក ណៃ រ៉ង់ដា និង លោកស្រី លឹម មុន្នី ជាមន្ត្រីសមាគមអាដហុក ត្រូវបានតុលាការចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផងដែរ។
បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ ត្រូវបានទៅលោក ជា សុខចាន់ដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការបន្តតាមនីតិវិធី។
បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី ៥ឆ្នាំទៅ ១០ឆ្នាំ៕