(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី បានចំណាយពេល៤ឆ្នាំ ដើម្បីជួសជុលកាំជណ្តើរ កសិណប្រាសាទអង្គរវត្ត ផ្នែកខាងលិចឆៀងខាងជើង តាំងពីឆ្នាំ២០១២មក ហើយពេលនេះការជួសជុលជណ្តើរខាងលើ បានបញ្ចប់ជា ស្ថាពរហើយ។ នេះបើតាមការផ្សព្វផ្សាយ របស់អាជ្ញាធរអប្សរា។
លោក Valter Maria Santoro ប្រធានគម្រោង IGeS បានប្រាប់ថា ការជួសជុលជណ្តើរកសិណនេះ បានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ហើយបញ្ចប់នៅចុងឆ្នាំ២០១៥ លើប្រវែង៨០ម៉ែត្រ ដោយថវិការរបស់រដ្ឋាភិបាលអ៊ីតាលីផងនិងថវិការបស់អាជ្ញាធរជាតិអប្សរាផង។
លោកបន្តទៀតថា «មុននឹងជួសជុលយើងក៏បានសិក្សាពីផលប៉ះពាល់ដែលធ្វើឱ្យសំណង់រលំស្រុត ស្រទាប់ដី កម្រិតទឹករួមទាំងរចនាសម្ព័ន្ធ កសិណនេះផង ដើម្បីរក្សាទ្រង់ទ្រាយដើមដោយមាន អ្នកជំនាញខ្មែរនិងអ៊ីតាលីធ្វើការរួមគ្នា។ ចំពោះការជួសជុលបើប្រើបច្ចេកទេសបុរាណ តែមួយគត់ ក៏មិនអាចធានាសុវត្ថិភាពនិងភាពយូរអង្វែង នៃសំណង់បានដែរ ដូច្នេះទាមទារឱ្យប្រើបច្ចេកទេស ទំនើបនិងសម្ភារៈថ្មី (ថ្មភក់ ថ្មបាយក្រៀមថ្មី និងការបិទភ្ជិត)ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ឱ្យមានអាយុកាលនិងស្ថេរភាពបានយូរ»។
លោកក៏សម្តែងចំណាប់អារម្មណ៍ថា នៅអំឡុង ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរមានអ្នកជំនាញគ្រប់គ្រាន់ ថែមទាំងមានសមត្ថភាពអាចដឹកនាំ ជួសជុលប្រាសាទបាន ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរា បានក្លាយជាស្ថាប័នជាតិ ដ៏លេចធ្លោមួយ ដែល មានថវិកានិងអ្នកជំនាញប្រកបដោយ ប្រសិទ្ធភាព គ្រាន់តែនៅខ្វះខាតបច្ចេកទេស ស៊ីជម្រៅបន្តិចបន្តួចប៉ុណ្ណោះ ដែលស្ថាប័នអន្តរជាតិក៏កំពុងជួយដែរ។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ IGeS ទាំងបច្ចុប្បន្ននិងកន្លងមក។ លោកថាក្រុមការងារនេះ បានធ្វើការងារជាច្រើនដើម្បីសង្គ្រោះប្រាសាទនៅក្នុង រមណីយដ្ឋានអង្គរ ហើយអាជ្ញាធរជាតិអប្សរាក៏បានសហការ យ៉ាងជិតស្និទ្ធជាមួយស្ថាប័ននេះដែរ ទាំងថវិកានិង បច្ចេកទេសគ្រប់គម្រោង។ ក្រៅពីនោះក៏បានជួយសម្រួលបែបបទរដ្ឋបាល ការស្វែងរកសម្ភារៈ និងផ្តល់អ្នកជំនាញផ្នែកស្រាវជ្រាវ មើលស្រទាប់ដីដែលចាក់បង្គរ នៅលើច្រាំង កសិណ អ្នកសម្រង់ប្លង់ ដើម្បី ឈ្វេងយល់អំពីរចនាសម្ព័ន្ធបុរាណ ឱ្យជួសជុសទៅតាមទ្រង់ទ្រាយបុរាណនិងរក្សាលក្ខណៈដើម នៃសំណង់បុរាណបាន ហើយទៅអនាគត អាជ្ញាធរជាតិអប្សរា ក៏ជួយគម្រោង IGeS ក្នុងការផ្តល់ យោបល់ទាក់ទងនឹងរចនាសម្ព័ន្ធណា មួយនៅ អង្គរវត្ត ដែលមានអាទិភាពនិងសារប្រយោជន៍ គួរជួសជុលនិងអភិរក្សមុនគេផងដែរ។
គួរបញ្ជាក់ផងដែរថា កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រ នាពេលកន្លងមក រងការខូចខាតដោយសារ ការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដី៕