Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ នាំយកអំណោយកាកបាទក្រហម ចែកជូនពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ នៅស្រុកឱរ៉ាល់

02-05-2016 11:20

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ៧៦ គ្រួសារ រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទទួលរងគ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់) កាលពីម្សិលមិញនោះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបាននាំយក អំណោយមួយចំនួន ទៅចែកជូនដល់លំនៅដ្ឋានតែម្តង។

អំណោយដែលនាំយកមកចែកនាថ្ងៃនេះ គឺត្រូវផ្តល់ជូនសម្រាប់ពលរដ្ឋទាំង ៧៦គ្រួសារ ស្មើ៥ភូមិ មានចំនួនមនុស្ស ២៧៧នាក់ ក្នុងនោះផ្ទះ ដែលរងគ្រោះធ្ងន់ ចំនួន៥ខ្នង មធ្យម១០ខ្នង ស្រាល៥០ខ្នង។

លោក វ៉ី សំណាង បានថ្លែងទៅកាន់បងប្អូនដែលបានរងគ្រោះថា គ្រាន់តែដឹងពីគ្រោះធម្មជាតិដែលបាន កើតឡើងចំពោះបងប្អូនភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងឲ្យសាខាកាកបាទក្រហមខេត្ត នាំយកអំណោយមក ប្រគល់ជូនភ្លាមៗ មិនទុកឲ្យបងប្អូនជួបការលំបាកនោះឡើយ។

លោកអភិបាលខេត្តបានបន្តថា ក្នុងនាមអាជ្ញាធរគ្រប់ថ្នាក់ក្នុងខេត្ត បានបានយកចិត្តទុកដាក់ចុះជួយដល់ជនរងគ្រោះ តាមគោលការណ៍ របស់កាកបាទក្រហមកម្ពុជា (ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច)។

 អំណោយដែលបានចែកជូនសម្រាលទុក្ខលំបាកមាន អង្ក២៥គីឡូក្រាម មុង០១ ភួយ០១ មី០២កេស តង់កៅស៊ូ០១ ត្រីខ០២កេស ទឹកដោះគោ នំធុង ទឹកត្រី ទឹកស៊ីអ៊ីវ ហើយប្រាក់ ១០ម៉ឺនរៀល សម្រាប់គ្រួសារដែលរងគ្រោះធ្ងន់ ០៥ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះមធ្យម ០២ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះស្រាល ។

 លោកអភិបាលខេត្ត និងមន្ត្រីគណបក្សប្រជាជន នឹងបន្តនាំអំណោយបន្ថែមទៀត ជួយដល់ជនរងគ្រោះដោយសារគ្រោះធម្មជាតិក្នុងតំបន់ ផ្សេងៗក្នុងខេត្តទៀតផង។

ក្រុមការងារបានអំពាវនាវដល់គ្រួសាររងគ្រោះមេត្តា សហការផ្តល់ព័ត៌មានដល់ក្រុមការងារ ដើម្បីបានចុះជួយដល់អ្នករងគ្រោះពិតៗ៕