(ភ្នំពេញ)៖ លោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានរងការរិះគន់ពីដើមបណ្តឹង និងមេធាវី នៃសំណុំរឿងមួយ ដោយសារតែលោកចៅក្រម បានប្រគល់ចលនវត្ថុ ដែលបានរឹបអូសដើម្បីធានាបំណុល យកទៅប្រគល់ឲ្យកូនបំណុលវិញស្ងាត់ៗ ដោយពុំបានជូនដំណឹងអ្វីសោះទៅដល់ដើមបណ្ដឹង (ម្ចាស់បំណុល) និងមេធាវីតំណាងដោយអាណត្តិនោះ។
យោងទៅលើដីកាសម្រេចរក្សា ការពារលេខ១៣៣ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ និងកំណត់ហេតុអនុវត្តដីកាសម្រេចរក្សាការពារចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ របស់លោកចៅក្រម ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលខ្លឹមសារនៃការអនុវត្តដីការក្សាការពារនេះ គឺដើម្បីរឹបអូសជាបណ្ដោះអាសន្ននូវរថយន្តម៉ាកឡង់រ៉ូវែ ពណ៌ស ឆ្នាំ២០១៥ មួយគ្រឿង ស្លាកលេខ 2AF-6666 ពីម្ចាស់ឈ្មោះ អ៊ឹង សុទ្ធី ដើម្បីយកមករក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ ដែលកម្មសិទ្ធិករក៏បានឯកភាព ដោយបានផ្តិតម្រាមដៃ យល់ព្រមឲ្យអនុវត្តផងដែរ។
ប៉ុន្តែនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោកចៅក្រម ហេង សុខណា បានចេញសេចក្ដីសម្រេចមួយទៀត ចំពោះការតវ៉ារបស់កូនបំណុលលើដីកាសម្រេចរក្សាការពារ ដោយបានប្រគល់រថយន្ត ដូចភិនភាគខាងលើ ឲ្យទៅឈ្មោះ អ៊ឹង សុទ្ធី វិញ។
បើតាមដើមបណ្តឹង និងមេធាវីការប្រគល់នេះគឺវាមានភាពមិនប្រក្រតីខ្លាំងណាស់ បើយោងទៅលើកំណត់ហេតុស្តីពីការអនុវត្តដីកាសម្រេច រក្សាការពារ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ឈ្មោះ អ៊ឹង សុទ្ធី ដែលជាម្ចាស់រថយន្តនោះ បានយល់ព្រមឲ្យតុលាការអនុវត្តដីកានេះ ក្នុងពេលនោះផងដែរ។
ដូច្នេះសបញ្ជាក់ឲ្យឃើញថា ឈ្មោះ អ៊ឹង សុទ្ធី ពិតជាកម្មសិទ្ធិករប្រាកដមែន។ ហើយអ្វីដែលធ្វើឲ្យម្ចាស់បំណុល និងមេធាវីរបស់ម្ចាស់បំណុល កាន់ឆ្ងល់ថែមទៀតនោះគឺ តើហេតុអ្វីបានជាលោកចៅក្រម ហេង សុខណា មិនបានជូនដំណឹងនេះមកឲ្យម្ចាស់បំណុល បានដឹងផង? អ្វីដែលជាការកត់សម្គាល់ទៀតនោះគឺថា
ទី១៖ នៅពេលចេញដីការក្សាការពារទៅលើទ្រព្យនេះហើយ ភាគីម្ចាស់បំណុលបានស្នើទៅលោកចៅក្រម ដើម្បីជួយយកលិខិតទប់ស្កាត់នេះបញ្ជូន ទៅក្រសួងសាធារណការធ្វើយ៉ាងណាឲ្យស្របតាមនីតិវិធីច្បាប់ និងកុំឲ្យជននេះឃុបឃិតគ្នាឆ្លៀតឱកាសណាមួយ ដែលធ្វើឲ្យខាតប្រយោជន៍របស់ម្ចាស់បំណុល ប៉ុន្តែជាក់ស្ដែងចៅក្រម ក៏ដូចជា ក្រឡាបញ្ជីមិនបានយកចិត្តទុកដាក់ក្នុងចំណាត់ការនៃនីតិវិធីនេះឡើយ។
ទី២.តើលោក ចៅក្រម ហេង សុខណា បានពិនិត្យទៅលើអង្គហេតុឲ្យគ្រប់ជ្រុងជ្រោយហើយឬនៅថា ជននេះ និងជាមួយជនដទៃទៀត ជាជនឃុបឃិតគ្នាក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២០៤ ង ដ.រ។ បើយោងទៅលើដីកាសម្រេច លើពាក្យសុំតវ៉ាដីកាសម្រេចរក្សាការពារ ដែលលោកចៅក្រមបានសម្រេច គឺលោកឈរលើមូលដ្ឋាន ដែលបានអះអាងដោយកូនបំណុលតែម្នាក់គត់ថា រថយន្តនេះ មិនមែនជាកម្មសិទ្ធិរបស់ខ្លួនទេ គឺគេបានលក់ទៅឲ្យតតិយជនផ្សេង ទៀតបាត់ហើយ ដោយយោងលើកិច្ចសន្យាទិញលក់ និងប័ណ្ណកម្មសិទ្ធិ យានយន្ត ដែលឯកសារទាំងនេះធ្វើឡើងដោយមិនប្រក្រតី។
ទោះជាយ៉ាងនេះក្តី លោកចៅក្រម ហេង សុខណា គប្បីពិចារណាឲ្យបានច្បាស់លាស់តាមរយៈការស្វែងយល់ពីអង្គហេតុ និងភស្តុតាង ដែលបានដាក់ជូន។ ចំពោះរថយន្តនេះគឺមានភាពស្មុគស្មាញ ព្រោះថា ឈ្មោះ អ៊ឹង សុទ្ធី នេះបានយករថយន្តមកបញ្ចាំជាមួយឈ្មោះ យស សុវណ្ណៈ រួចហើយតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ មកម្ល៉េះ។
ចំពោះប្រាក់ដែលប្រគល់ឲ្យលោក អ៊ឹង សុទ្ធី គឺជាប្រាក់របស់លោក សៀង វាសនា ដែលបានរកស៊ីហ៊ុនគ្នាជាមួយនឹងឈ្មោះ យស សុវណ្ណៈ។ ដូច្នេះកាលដែល អ៊ឹង សុទ្ធី បានយករថយន្តមកបញ្ចាំបានន័យថា គេមិនអាចយកទៅលក់ឲ្យនរណាម្នាក់ផ្សេងទៀតបានទេ។
ប៉ុន្តែបើពិនិត្យឲ្យច្បាស់ពីកាលបរិច្ឆេទ ដែលមានចុះក្នុងកិច្ចសន្យាទិញលក់គឺចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ដែលរថយន្តនេះត្រូវបានលក់ទៅឲ្យឈ្មោះ អ៊ឹង ជាហេង ពោលគឺរយៈពេល ២ខែក្រោយមក ដែលគេបានយករថយន្តនេះ ទៅបញ្ចាំនឹង ឈ្មោះ យស សុវណ្ណៈ។ ឯការចុះបញ្ជីរថយន្តគឺចុះនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៥ ដូច្នេះ បានន័យថា ឈ្មោះ អ៊ឹង សុទ្ធី ពិតជាមានចេតនាទុច្ចរិតយ៉ាងពិតប្រាកដ ក្នុងការបង្វែរកាតព្វកិច្ចរបស់ខ្លួន។
ដូច្នេះសូមលោកចៅក្រម ហេង សុខណា ពិនិត្យឯកសារនោះឡើងវិញ ព្រោះថាបើសិនជាឈ្មោះ អ៊ឹង សុទ្ធី នៅតែជាម្ចាស់កម្មសិទ្ធិ និងមានចេតនាទុច្ចរិតឃុបឃិតគ្នា បន្លំឯកសារទិញលក់រថយន្តផ្សេងៗ នោះវានឹងអាចធ្វើម្ចាស់បំណុលខូចប្រយោជន៍យ៉ាងពិតប្រាកដ។
ផ្ទុយមកវិញ នៅពេលកូនបំណុលសុំការតវ៉ាលុបចោលដីការក្សាការពារ បែរជាតុលាការដោះលែងលុបចោលនូវដីការក្សាការពារនេះបានយ៉ាងលឿន និងស្ងៀមស្ងាត់បំផុត។ ជាពិសេសចៅក្រម ហេង សុខណា បានអនុវត្តដីកាលុបចោលនេះនៅចុងសប្ដាហ៍ដែលជាថ្ងៃ ជិតផុតម៉ោងរដ្ឋបាលផងដែរ (ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦) ដូចជាមានចេតនាមិនចង់ឲ្យខាងម្ចាស់បំណុល ក៏ដូចជា មេធាវីតំណាងតវ៉ាបានយ៉ាងដូច្នេះ។
ខាងលើនេះគ្រាន់តែការអះអាងរបស់ដើមបណ្តឹង និងមេធាវីប៉ុណ្ណោះ តែពិតឫយ៉ាងណានោះ Fresh News មិនទាន់អាចស្វែងរក ការបកស្រាយ ពីលោកចៅក្រម បាននៅឡើយទេ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ៕