(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះអញ្ជើញ លោក អ៊ូ វីរៈ ប្រធានវេទិកា អនាគតកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោក សៀង សុខ ក៏បានកោះហៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បំភ្លឺនៅថ្ងៃទី៦ ខែឧសភា ផងដែរនៅក្នុងនាម ជាដើមបណ្តឹង។ នេះបើយោងតាមដីកោះរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែឧសភានេះ។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ជាមួយគ្នានេះ គណបក្សដ៏ធំជាងគេនៅកម្ពុជា បានទាមទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្ស ចំនួន៤០០លានរៀល។
ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៦ ដោយចោទគណបក្សប្រជាជនថា ជាអ្នកនៅពីក្រោយ នៃដំណើររឿង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី។
តាមរយៈវិទ្យុនេះ លោក អ៊ូ វីរៈ បានលើកថា «យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និង ហិរញ្ញវត្ថុរបស់លោក។ ទោះបីជាយ៉ាងណា តុលាការប្រហែលជាមិនទាន់អាចចាប់ខ្លួនភ្លាមៗទេ ដោយរង់ចាំស៊ើប អង្កេតបន្ថែម៖ “គឺជាការគាបសង្កត់ខ្លាំងមែនទែន ហើយអាចមានប្រសិទ្ធភាព និងអាចរុញឲ្យបក្សប្រឆាំងទាល់ច្រក ហើយបើទាល់ច្រក នឹងធ្វើឲ្យមាន អស្ថិរភាពនយោបាយ”»។ លោក អ៊ូ វីរៈ លើកឡើងទៀតថា «ការដែលគណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក់គូប្រកួតប្រជែង នយោបាយ តាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្តចំពោះ យន្តការនេះ ដែរ»៕