(ភ្នំពេញ)៖ ប្រមុខដឹកនាំកម្ពុជា និងម៉ាឡេស៉ី បានបញ្ជាក់សាជាថ្មីអំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងការបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិ (COC) នៅសមុទ្រចិនខាងត្បូង។
ជំហរខាងលើបានបង្ហាញឡើង ក្នុងកិច្ចពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៉ី នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព។
សេចក្តីថ្លែងការណ៍រួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះ «ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងការបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិ (COC) នៅសមុទ្រចិនខាងត្បូងដែលមានប្រសិទ្ធភាព និងមានខ្លឹមសារ ស្របជាមួយនឹងច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) តាមពេលវេលាដែលមានការឯកភាពគ្នា»។
បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយទៅជាជម្លោះដណ្តើមដែនទឹកដ៏រ៉ាំរ៉ៃរាប់សិបឆ្នាំ រវាងប្រទេសមហាអំណាចចិន និងប្រទេសអាស៊ានចំនួន៤ ក្នុងនោះមានឥណ្ឌូនេស៉ី ម៉ាឡេស៉ី ហ្វីលីពីន និងវៀតណាម។ ជម្លោះនេះបានចាប់ផ្តើមកើនឡើងខ្លាំង នៅពេលដែលចិនចាប់ផ្តើមធ្វើកោះសិប្បនិម្មិត នៅក្នុងសមុទ្រចិនខាងត្បូង ខណៈអាស៊ាន និងមជ្ឈដ្ឋានអន្តរជាតិ បានអំពាវនាវឱ្យប្រទេសជម្លោះទាំងអស់ រក្សាភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
ជាមួយនឹងការខិតខំចូលរួមដោះស្រាយបញ្ហានេះ កាលពីឆ្នាំ២០០២ ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកដំបូង, អាស៊ាន-ចិន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ DOC គឺជាក្រមប្រតិបត្តិមួយ តាក់តែងឡើងកំណត់ឲ្យប្រទេស ដែលមានជម្លោះ ក្នុងលំហសមុទ្រចិនខាងត្បូង រួមមានប្រទេសចិន និងប្រទេសសមាជិកអាស៊ានមានដូចជា វៀតណាម ហ្វីលីពិន សិង្ហបុរី ព្រុយណេ ម៉ាឡេស៉ី ដោះស្រាយគ្នាដោយសន្តិវិធី និងគោរពតាមច្បាប់សមុទ្រអន្តរជាតិជាដើម ខណៈប្រទេសទាំងអស់ បានខិតខំជំរុញឱ្យមានសេចក្តីថ្លែងការណ៍ ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មួយដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះ ហើយកាលពីឆ្នាំ២០១៧ ប្រទេសចិន និងប្រទេសអាស៊ាន ក៏បានព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌមួយនេះឡើង ក្នុងដែនសមុទ្រចិនខាងត្បូង នោះគឺ COC ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា គឺនាយករដ្ឋមន្រ្តីម៉ាឡេស៉ី ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នា សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មកលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្ដីកង្វល់រួម ដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាច។ នាយករដ្ឋមន្រ្តីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់ចាំបាច់ក្នុងការធានានូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់ប្រមុខដឹកនាំអាស៊ាន (5PC) ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕