(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានទណ្ឌិតចំនួន៣៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានស្នើឱ្យលើកលែងទោស និងទណ្ឌិតចំនួន៣២នាក់ផ្សេងទៀត ក្នុងនោះមានស្ត្រី ២នាក់ ត្រូវបានស្នើឱ្យបន្ធូរបន្ថយទោស ចាប់ពី៣ខែ រហូតដល់៩ខែ ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរ សម្រាប់ខេត្តបន្ទាយមានជ័យ។

ការស្នើសុំបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស របស់គណៈកម្មការខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ដឹកនាំដោយលោក គឹង វណ្ណៈ អភិបាលរងខេត្ត, ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាកាខេត្ត, លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញកិច្ចការតុលាការពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានអានស្ថិតីបញ្ជីឈ្មោះ និងសាវតានៃទណ្ឌិតជនជាតិខ្មែរ និងជនបរទេសដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ ស្នើ ហើយសុំការអនុម័តពីគណៈកម្មការ ដើម្បីលើកលែងទោស និងបញ្ជូនបន្ថយទោស បន្តសុំថ្វាយការសម្រេចពីថ្នាក់លើក្នុងនោះមានបន្ធូរបន្ថយទោសពី៣ ខែដល់៩ខែ ដល់ទណ្ឌិតចំនួន៣២នាក់ ស្រី២នាក់និងលើកលែងទោស៣៥នាក់ ស្រី១នាក់ ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរ។

លោក គឹង វណ្ណៈ បានទទួលស្គាល់ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃលើសកម្មភាពអនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោស។

លោកអភិបាលរងខេត្តសង្ឃឹមថា ដំណើរការនេះនឹងមិនមានអំពើពុករលួយ ភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតីឬបញ្ហាកើតឡើងឡើយពោលធ្វើបានប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។

ក្នុងនោះលោកបានផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញពីពន្ធនាគារវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល៕