(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្នើដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ពិសេសដែលយាមនៅតាមគោលដៅបុរី និងខុនដូរ ត្រូវចូលរួមសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីមានការសង្ស័យថា ទីតាំងរបស់ខ្លួនមានបទល្មើសកើតឡើង។

ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៣ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ បទល្មើសដែលតែងតែកើតមានឡើងនៅតាមបុរី និងខុនដូរនោះ ជាបទល្មើសគ្រឿងញៀន និងករណីបង្ខាំងមនុស្សដោយខុសច្បាប់ ឬចាប់ជំរិតជាដើម ដូច្នេះក្នុងករណីសង្ស័យថាមានបទល្មើសទាំងនេះកើតឡើង ត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ហើយសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូន។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងបែបនេះថា «ខ្ញុំសូមស្នើដល់ភ្នាក់ងារសន្ដិសុខឯកជន នៅតាមបុរី និងខុនដូរ សូមរាយការណ៍អំពីបទល្មើសនៅក្នុងបុរីរបស់ខ្លួន ជាពិសេសបទល្មើសគ្រឿងញៀន ដែលកន្លងទៅបង្ក្រាបបានជាបន្ដបន្ទាប់រហូតដល់តោនឯណោះ។ យើងនាំគ្នាផ្ដល់កិច្ចសហការ ក្នុងករណីសង្ស័យត្រូវផ្ដល់សេចក្ដីរាយការណ៍មកសមត្ថកិច្ច ដើម្បីយើងប្រើប្រាស់វិធានការបង្ក្រាបបានទាន់ពេលវេលា»

ប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា វិស័យសន្តិសុខឯកជន មានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន វិស័យសន្តិសុខឯកជកនេះ ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះ ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ។

ដូច្នេះហើយទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងកិច្ចការពារសន្តិសុខសង្គម។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សូមកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងលើកទឹកចិត្តដល់ ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេស ភ្នាក់ងារសន្តិសុខឯកជន បានចូលរួមការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវិដ១៩ តាមបណ្តាលគោលដៅសំខាន់ៗ កន្លងមក។

លោកបានបញ្ជាក់ទៀតថា នេះជាលើកទី៣៣ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។

នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជ មានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕