(ភ្នំពេញ)៖ ចំណងស្នេហារស់នៅ ក្រោមដំបូលផ្ទះជាប្តី-ប្រពន្ធ គ្រាន់តែចុះអ៊ីតាស៊ីវិល (មិនបានរៀបអាពាហ៌ពិពាហ៌) ពេញផ្លូវច្បាប់រយៈពេលជាង១ឆ្នាំរវាងតារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះមានតាមព័ត៌មានពីតុលាការក្រុងភ្នំពេញ បានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានភាពរង្គោះង្គើររហូតឈានដល់ការសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការជាផ្លូវការ បន្ទាប់ពីការរស់នៅសាងសុភមង្គលស្នេហ៍ ពុំមានភាពចុះសម្រុងគ្នានោះ។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក ពេជ្រ វិជ្ជាធរ សាលាដំបូងរាជធានីភ្នំពេញ។
មន្រ្តីតុលាការបានបង្ហើបឲ្យដឹងថា លោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យបណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ ជាមួយគ្នាជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះ ក្រោមមូលហេតុក្នុងពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះបានត្រឹមតែលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មានពីចង្កោមរស់នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូរមកហើយ ពោលគឺតាំងពីនាង ភិន សុដាលីស ប្រមាណជិតមួយខែឯណ្ណោះ។
ដោយឡែកបើព័ត៌មានខ្លះទៀតបាននិយាយថា គេសង្កេតឃើញ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងគ្នា មិនចេះចប់មិនចេះហើយ ក្រោយពេលនាងមានទំងន់កូន៣ខែក្នុងផ្ទៃ រហូតដល់ថ្នាក់ពេលខ្លះលោក ប៉ែន ចំរ៉ុង ខូចចិត្តដើរផឹកស៊ីស្រវឹង ស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ។ ចំណុចទាំងនេះក៏បានធ្វើឲ្យ សុដាលីស កាន់តែមានលេសដើម្បីងាយស្រួល ក្នុងការចោទប្រកាន់ថាស្វាមី ប៉ែន ចំរ៉ុង កំពុងមានស្នេហាថ្មី ជាមួយនារីផ្សេងបង្កក្លាយជាជម្លោះក្នុងគ្រួសារ។
បច្ចុប្បន្នពាក្យបណ្តឹងប្តឹងលែងលះរបស់គូស្នេហ៍ សិល្បៈទាំងពីរគឺលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានធ្លាក់ដល់ដៃតុលាការហើយ។ ប៉ុន្តែនៅរង់ចាំតែថ្ងៃចេញដីកាកោះហៅ ពួកគេទាំងពីរដើម្បីចូលបំភ្លឺតែប៉ុណ្ណោះ។
នៅព្រលប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ Fresh News និង Khmertalking មិនទាន់អាចស្វែងការស្រាយភ្លឺតាមទូរស័ព្ទពីសំណាក់ ស្វាមី-ភរិយា អ្នកទាំងពីរគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បាននៅឡើយទេ ជុំវិញដំណឹងខាងលើនេះ។ ដោយឡែកសម្រាប់លោក អ៊ិន សុភិន Fresh News & Khmertalking ក៏បានព្យាយធ្វើការទំនាក់ទំនង តាមទូរស័ព្ទដើម្បីសួរនាំពីបញ្ហាខាងលើនេះដែរ នៅព្រលប់ថ្ងៃ ដដែលនេះ ប៉ុន្តែទូរស័ព្ទរបស់លោក ពេលហៅចូលឆ្លើយថា កំពុងជាប់រវល់។
ទាក់ទងនឹងដំណឹងនៃការរង្គួសរង្គើរ ស្នេហារវាងលោក ប៉ែន ចំរ៉ុង និងនាង ភិន សុភិន នេះដែរ Fresh News & Khmertalking រង់ចាំស្វាគមន៍ជានិច្ច នូវរាល់ការចេញមុខបំភ្លឺ ពីសំណាក់សាមីខ្លួនទាំងពីរថា តើរឿងរ៉ាវនេះកើតឡើងដោយរបៀបណា ? ៕