(ភ្នំពេញ)៖ ម្ដាយបង្កើត និងជនរងគ្រោះ បានរួមគ្នាផ្ដិតមេដៃប្ដឹងលោកចៅក្រម សុង ប៊ុណ្ណារិទ្ធិ ទៅក្រសួងយុត្តិធម៌ ដោយសារតែចៅក្រមរូបនេះ បានសម្រេចដោះលែងជនល្មើសដែលរំលោភជនរងគ្រោះ។

យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ចាន់ ស្រីមុំ ជាម្ដាយ និងកូនស្រី ដែលជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំភាពយុត្តិធម៌គោរពជូន លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយប្ដឹងលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងឈ្មោះ ជា ស្រីមុំ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ដែលមានភាពអយុត្តិធម៌ចំពោះពួកគេ។

ការសម្រេចដាក់ពាក្យបណ្ដឹងសុំភាពយុត្តិធម៌ នៅពេលនេះ ធ្វើឡើងក្រោយពី លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាសម្រេចដាក់ជនត្រូវចោទឈ្មោះ ជា សុជាតិ ហៅ សុខុម ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (មិនឃុំខ្លួនបណ្ដោះអាសន្ន) កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។

ជនរងគ្រោះបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ជា សុជាតិ ហៅសុខុម អាយុ៦៧ឆ្នាំ មានមុខរបរជាមន្ត្រីពេទ្យយោធាចូលនិវត្តន៍ បានរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះក្នុងវ័យ ១៦ឆ្នាំ កាលពីអំឡុងខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

សូមជម្រាបថា ជនត្រូវចោទឈ្មោះ ជា សុជាតិ ហៅ សុខុម ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសខាងលើ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

លោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើជនល្មើសពីបទ រំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីអំឡុងខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ យោងតាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងទៅលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជុំវិញការដោះលែង ជនត្រូវចោទឈ្មោះ ជា សុជាតិ ហៅសុខុម នេះលោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់ទទួលបានព័ត៌មានស្តីពីការប្ដឹងឧទ្ធរណ៍ ពីសំណាក់តំណាងអយ្យការកាន់សំណុំរឿង លើសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៅឡើយទេ៕