(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ កម្ពុជា និងសហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៩ នៅទីស្តីការក្រសួងការបរទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក អ៊ុយ អាស្វូតូ អនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃសហភាពអឺរ៉ុប បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំនេះ។
កិច្ចប្រជុំនឹងធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ដោយពិភាក្សាលើបញ្ហាមួយចំនួន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីធានាការធ្វើប្រតិបត្តិការដោយរលូន និងការអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងការផ្តោតលើវិស័យសំខាន់ៗ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ ទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍនយោបាយនៅកម្ពុជា និងនៅសហភាពអឺរ៉ុប។ល។
បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា នៅទីបញ្ចប់ នៃកិច្ចប្រជុំនេះ នឹងមានការអនុម័តលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប និងសេចក្តីប្រកាសព័ត៌មានរួមផងដែរ៕