(កំពង់ធំ)៖ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) (ដូសមូលដ្ឋាន) ជូនដល់កុមារដែលមានអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

លោក ញឹក បានខេង បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំលទ្ធផលវ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដែលជាជំនួយពីប្រទេសចិនគឺទទួលបានលទ្ធផលល្អ បន្ថែមពីនេះទៀត លោកក៏បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ដូសទី២ ដូសទី៣(ដូសជំរុញ) និងដូសទី៤ គឺចាប់ពី៤ខែ រហូតដល់៦ខែ ទើបចាក់បាន បន្ថែមមួយទៀតគឺបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ (ស៊ីណូវ៉ាក់) ចំពោះកុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នៅទូទាំងខេត្តកំពង់ធំ។

ជាមួយគ្នានេះលោកអភិបាលរងខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេចបាន ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កិច្ចការ ចាក់វ៉ាក់ សាំងកូវីដ-១៩ និងបានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផលជិត៩៩% នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋ និងកុមារដែលមានអាយុចាប់ពី០៣ឆ្នាំឡើង។

លោក ញឹក បានខេង ក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមិនទាន់បាន មកទទួល វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រមទាំងឱ្យបងប្អូនប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង(ដូសជំរុញ)លើកទី៣ និងលើកទី៤ ពិសេសកុមារចាប់ពីអាយុ ០៣ឆ្នាំ រហូតដល់ក្រោម០៥ឆ្នាំ នៅតាមមណ្ឌលសុខភាព ដែលនៅជិតបំផុតតាមមូលដ្ឋាន និងបន្តរក្សាអនុវត្តវិធានការនូវ (៣កុំ ៣ការពារ) តាមការណែនាំ របស់ក្រសួងសុខាភិបាល៕