(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ច លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ហើយលោកក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន និងលោកដាតុ ស្រ៊ី អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងមានជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិ និងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា៕