(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព នាយឧត្តមសេនីយ៍ សុខ សាខឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងការសម្តែងការសោកស្តាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងអំពីមរណភាព នាយឧត្តមសេនីយ៍ សុខ សខឿន លោកស្រី កិត្តិសង្គហបណ្ឌិត បានលើកឡើងថា មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ លោកស្រី សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឌឺន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕