(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះមរណភាព នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង១០៖៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតមួយផ្ញើទៅកាន់លោកស្រី សុខ លាង ដែលជាភរិយារបស់នាយឧត្តមសេនីយ៍ សុខ សារឿន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងការសោកស្តាយ រកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងអំពីមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា មរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់អ្នកតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមបំរើជាតិ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ លោកស្រី សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕