ករណីទី១៖ បុរសម្នាក់ជិះម៉ូតូមកយកប្រពន្ធនៅផ្ទះមីងដើម្បីត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ត្រូវជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាក Scoopy និង Honda Dream ប្រដាប់ដោយបំពង់ទីបដែក ធ្វើសកម្មភាពវាយប្លន់យកទៅបាត់ម៉ាក Honda Dream 2016 ពាក់ស្លាកលេខភ្នំពេញ 1FU-3238 ដោយសុវត្ថិភាព។ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំនុចក្បែរទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អូម សោម ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ករណីទី២៖ នារី២នាក់ជិះម៉ូតូមកពីដើរលេង នៅកោះពេជ្រ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូ Zoomer-X មួយគ្រឿង ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាកធ្វើសកម្មភាពភ្ជង់ ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ត្រង់ចំនុចផ្លូវ១២៥ កែង១៨២ ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាម៉ោង១១៖០០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។
បើតាមសំដីនារីរងគ្រោះទាំង២នាក់ បានប្រាប់ថា មុនកើតហេតុគឺ នារីរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាក Zoomer-X ពណ៍ខ្មៅពាក់ ស្លាកលេខភ្នំពេញ៖ 1FT-9671 លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿង និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ចង់ប្លន់យកតែម្តង ក្រោយពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ នារីរងគ្រោះទាំង២បានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិបឹងព្រលឹតទាំងសោកស្តាយតែប៉ុណ្ណោះ៕