(បាត់ដំបង)៖ រយៈពេលពេញ១ថ្ងៃ គឺថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ សមាជិកគណៈកម្មាធិការក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអូរតាគី និងឃុំតាមឺុន ស្រុកថ្មគោល ខេត្តបាត់ដំបង បាននាំអំណោយជាថវិកា និងអង្ករសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន១៣លាន៧សែន៥ម៉ឺនរៀល និងអង្ករជាង១តោនជូននិវត្តជន ពិការ គ្រួសារពលី ប្រមាណ៤៣នាក់និងស្រ្តីសម្រាលកូន អ្នកស្លាប់ ៥៨នាក់ ដែលអញ្ជើញមកពីបណ្តាភូមិនានាក្នុងឃុំអូរតាគី ឃុំតាម៉ឺន ក្នុងស្រុកថ្មគោល។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បាននាំជាថវិកាចំនួន១៣លាន ៧សែន៥ម៉ឺនរៀល និងអង្ករជាង១តោនយកចែកជូនដល់ដៃនិវត្តជន ទាំងអស់មាន៤៣នាក់ ក្នុងនោះមានអតីតជាគ្រូបង្រៀន បុគ្គលិកពេទ្យ មន្រ្តីរាជការកងកម្លាំងរាជអាវុធហត្ថ នគរបាល ពិកា គ្រួសារពលី ដែលមកពីបណ្តាភូមិនានាក្នុងឃុំតាម៉ឺន និងចែកមូលនិធិសម្តេចក្រឡាហោម ស ខេង ៥៨នាក់ ក្នុងឃុំតាម៉ឺន ឃុំអូរតាគីស្រុកថ្មគោល។
ក្នុងឱកាសនាំអំណោយចុះសាកសួរសុខទុក្ខនិវត្តជន ជូនជាថវិកា និងអង្ករ ក៏ដូចជាមូលនិធិសម្តេច មកចែកជូននាពេលនេះ លោក សួស អង្គារ៍ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ទៅជម្រាបជូនពួកគាត់ថា មានតែរាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។
លោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ យើងជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់ថ្នាក់ដឹកនាំកំពូល គឺនៅទីណាមានទុក្ខលំបាក គឺតែងមានមុខក្រុមការងារថ្នាក់ជាតិ រង់ចាំជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានយើងជានិច្ច ដោយមិនប្រកាន់និន្នាការបក្សនយោបាយណាឡើយ»។
ជាក់ស្តែងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ពិសេសខេត្តបាត់ដំបង កំពុងជួបការលំបាកគ្រោះធម្មជាតិរាំងស្ងួត ខ្វះទឹកប្រើប្រាស់តាមតំបន់ ដាច់ដោយកន្លែង ជាក់ស្តែងក្រុមការងារក៏បានចុះដល់មូលដ្ឋានដើម្បីដឹកទឹក យកទៅចែកជូនប្រជាពលរដ្ឋ ភូមិព្រៃដាច់ឃុំអូរតាគី ជាច្រើនគ្រួសារផងដែរ។
ដោយឡែក នាយឧត្តមសេនីយ៍ បានធ្វើការផ្តាំផ្ញើដល់និវត្តជន ដែលបានអញ្ជើញមកនាពេលនេះថា កូនចៅជំនាន់ក្រោយតែងតែដឹងគុណជានិច្ច ដល់រៀមច្បងជំនាន់មុនដែលបានលះបង់ទាំងកម្លាំងកាយចិត្តធ្វើការដោយលំបាក និងបានបន្សល់ទុកនូវស្នាដៃល្អនានាជាច្រើន ដល់កូនចៅជំនាន់ក្រោយធ្វើនិងរក្សាបន្ត និងបម្រើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងបានរក្សានូវសមិទ្ធិផលទាំងអស់ ដែលបានបន្សល់ទុកនូវស្នាដៃចាស់ៗ ជំនាន់មុនឲ្យបាននៅគង់វង្សយូរអង្វែងតទៅ។
ស្រ្តីសម្រាលកូននិងគ្រួសារអ្នកស្លាប់និង និវត្តជនទាំងអស់ ដែលទទួលបានជាអំណោយថវិកា និងអង្ករពីសម្តេចក្រឡាហោម ស ខេង តាមរយៈលោក ប្រធានក្រុមការងារ ថ្នាក់ជាតិនិងបានគោរពថ្លែងអំណរ គុណដល់ក្រុមការងារដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និងសម្ភារៈចែកជូនដល់ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយណាអ្វីឡើយ៕
លោកបានបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូននាពេលនេះមានជាថវិកានិងអង្ករជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង បានចែកជូននិវត្តជនទាំង៤៣នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ៣០គីឡូក្រាមនិងថវិកា ៥ម៉ឺនរៀល។ចំណែកស្រ្តីសម្រាលកូននិងគ្រួសារអ្នកស្លាប់ទាំង៥៨នាក់ ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល៕