(កំពង់ចាម)៖ «ក្រុងកំពង់ចាម គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងជាបេះដូង នៃខេត្តកំពង់ចាម» ទស្សនៈនេះបានធ្វើឲ្យ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម រួមជាមួយនឹងសហការីទាំងអស់ក្នុងខេត្ត ប្តេជ្ញាប្រែក្លាយក្រុងកំពង់ចាម ទៅជាទីក្រុងដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនា និងកំសាន្ត។
រដ្ឋបាលខេត្តបានប្តេជ្ញាហើយថា ខ្លួននឹងខិតខំបន្ថែមទៀត ដើម្បីកែប្រែអភិវឌ្ឍមុខមាត់ក្រុងកំពង់ចាម ឲ្យកាន់តែប្លែក ស្រស់បំព្រង មានសោភណ្ឌភាព មានសណ្តាប់ល្អ និងគួរជាទីទាក់ទាញសម្រាប់មនុស្សទូទៅ ជាទីក្រុងដែលប្រជាជនខ្លួនចង់រស់នៅ និងមិនចង់ចាកចេញ ជាទីក្រុងដែលភ្ញៀវទេសចរ ចាកចេញទាំងក្តីនឹករលឹក ។
ការចុះពិនិត្យក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១ ខែឧសាភានេះ លោកអភិបាលខេត្តបានផ្តួចផ្តើមគំនិតរៀបចំសួនច្បារ សួនកំសាន្តបន្ថែមនៅក្នុងទីក្រុងទាំងមូល ជាពិសេសនៅតាមដងទន្លេមេគង្គ ។ លោកថ្លែងថា នេះហើយជាការអនុវត្តតាមគោលការណ៍ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ន សែន នាយករដ្ឋមន្ត្រី។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមិនដែលមកលេងក្រុងកំពង់ចាម គួរចំណាយពេលខ្លះ ដើម្បីមកលេង និងស្នាក់នៅក្រុងកំពង់ចាម សម្រាប់ប្តូរយកនូវអារម្មណ៍ប្លែកជាងធម្មតា ។ សម្រាប់បងប្អូនដែលធ្លាប់មកលេង និងស្នាក់នៅក្រុងកំពង់ចាមរួចហើយ បងប្អូននឹងមានអារម្មណ៍ប្លែកជាងនេះទៀត ក្នុងរយៈពេលកន្លះឆ្នាំ ឬមួយឆ្នាំខាងមុខទៀតនេះ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត សូមស្វាគមន៍យ៉ាងពេញទំហឹង និងសូមអំពាវនាវដល់វិនិយោគិនជាតិ អន្តរជាតិ មកសិក្សា និងដាក់ទុនវិនិយោគនៅក្នុងក្រុងកំពង់ចាម ក៏ដូចជាខេត្តកំពង់ចាម ទាំងមូលលើវិស័យណាមួយដែលជាបំណងរបស់ខ្លួន៕