(ភ្នំពេញ)៖ ក្រោយពីលេចមុខ ក្នុងកម្មវិធីសម្ភោធនៅទីក្រុងឡុងដ៍ នៅថ្ងៃទី៦ ខែមេសាកន្លងទៅនេះ P9 កាន់តែធ្វើឲ្យអ្នកប្រើស្មាតហ្វូនទូទាំងពិភពលោកទន្ទឹងរង់ចាំស្មាតហ្វូនដ៏ពិសេសនេះរឹតតែខ្លាំងឡើងថែមទៀត។ ថ្ងៃនេះ យើងនឹងបង្ហាញលម្អិតថា តើលក្ខណៈសម្បត្តិរបស់ P9 មានភាពលេចធ្លោ និងពិសេសយ៉ាងណាខ្លះ។
កាមេរ៉ាភ្លោះ Leica មិនធ្លាប់មាន
ចំនុចដំបូងដែលធ្វើឲ្យ P9 ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនកុះករបែបនេះ គឺដោយសារតែកាមេរ៉ាភ្លោះសហការផលិត ជាមួយនឹងក្រុមហ៊ុន LEICA ដែលជាក្រុមហ៊ុនកាមេរ៉ាដ៏ល្បីល្បាញ ទូទាំងពិភពលោក ដែលត្រូវបានដាក់បញ្ចូល ទៅក្នុងស្មាតហ្វូននេះ។ បើនិយាយដល់គុណភាពរូបភាព ដែលថតដោយកាមេរ៉ាភ្លោះនេះវិញ គឺមាននូវកម្រិតរូបភាពភ្លឺច្បាស់ និងមានជម្រៅរូបភាព (Depth) ដូចមើលនឹងភ្នែករបស់យើងផ្ទាល់ផងដែរ។ នេះគឺដោយសារតែកាមេរ៉ាទាំង២នេះ ធ្វើការយ៉ាងស៊ីសង្វាក់ជាមួយគ្នា ដោយកាមេរ៉ានៅខាងឆ្វេងគឺកាមេរ៉ាសខ្មៅ (monochrome) សម្រាប់ចាប់យកនូវជម្រៅរូបភាព និងពន្លឺទីកន្លែងដែលអ្នកថត លៃយ៉ាងណាមិនឲ្យរូបភាពអ្នកស្លេកនោះទេ ខណៈដែលកាមេរ៉ា នៅខាងស្តាំជាប់នឹងភ្លើង Flash គឺជាកាមេរ៉ា RGB មានជំនាញឯកទេសខាងចាប់ពណ៌ និងលៃតម្រូវកម្រិតពណ៌ធ្វើយ៉ាងណា ឲ្យដូចទៅនឹងពណ៌ធម្មជាតិ តែរូបភាពមានភាពច្បាស់ជាង កាមេរ៉ាស្មាតហ្វូនដទៃ ដោយសារតែកាមេរ៉ាភ្លោះនេះ ក៏ធ្វើការបន្ថែមកម្រិតពន្លឺ ដើម្បីធ្វើឲ្យគ្រប់រូបភាពដែលអ្នកធ្វើ ការចាប់យកមានភាពភ្លឺច្បាស់។
បើប្រៀបធៀបជាមួយរូបភាព ដែលចាប់យកដោយស្មាតហ្វូន ផ្សេងទៀតរូបភាពពីP៩ គឺមានគុណភាពភ្លឺច្បាស់ជាង និងមានកម្រិតពន្លឺធម្មជាតិជាង ដោយសារកាមេរ៉ាភ្លោះនៅលើ P9 ធ្វើការបន្ថែមពន្លឺបានច្បាស់ជាង កាមេរ៉ាដទៃចាប់ពី១០០ ភាគរយ រហូត ២៧០ ភាគរយឯណោះ។
កាមេរ៉ាភ្លោះ LEICA នេះក៏មានមុខងារ Fast Focus ដែលអាចចាប់រូបភាពដែលកំពុង មានសកម្មភាពបានយ៉ាងរហ័សជាទីបំផុត ដោយច្បាស់មិនព្រិលនោះទេ ហើយរូបភាពអ្នកផ្តោតលើ (Focus) និងផ្ទៃខាងក្រោយគឺមើលទៅដាច់ពីគ្នាតែម្តង ដូចរូបថតដែលចាប់យកដោយកាមេរ៉ា DSLR ផងដែរ។
LEICA ក៏បានដាក់បញ្ចូលនូវមុខងារបន្ថែម សម្រាប់ការថតរូបដូចជា មុខងារចាប់រូបភាពជិតដោយប្រើឡាហ្ស៊ែរ (Laser Focusing) និងមុខងារចាប់រូបភាពឆ្ងាយ ដោយប្រើមុខងារចាប់ជម្រៅ និងចម្ងាយរូបភាព (Precise Depth Focusing) កម្រិតកុងត្រាស់ (Contrast) ដែលដំណើរការគួរជាទីគាប់ចិត្ត ដែលទាំងនេះគឺជាអ្វីដែលអ្នកថតរូបជំនាញត្រូវការជាចាំបាច់អស់ជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះ Huawei បាននាំយកមកដាក់លើ P9 ដែលកំពុងតែមានប្រជាប្រិយភាពមួយនេះ។
អេក្រង់ និងការរចនា
P9មានអេក្រង់ទំហំ ៥.២ អ៊ីញ ត្រូវបានស្រោបដោយកញ្ចក់ 2.5D គុណភាពខ្ពស់បំផុត នៅផ្នែកខាងលើ វ័ណ្ឌជុំវិញដោយសារធាតុអាលុយមីញ៉ូម ដែលមានរឹមបែបគ្រាប់ត្បូងពេជ្រ បញ្ចេញភាពភ្លឺផ្លេករលោង ឆើតឆាយបំផុត។
P9 មានកម្រាស់ស្តើងបំផុតគឺត្រឹមតែ ៦.៩៥មម ប៉ុណ្ណោះ បើប្រៀបធៀបនឹង ស្មាតហ្វូនដទៃទៀត ហើយអ្វីដែលរឹតតែពិសេស និងអស្ចារ្យទៀតនោះគឺកាមេរ៉ារបស់ P9 មិនលៀនចេញមកក្រៅដូចស្មាតហ្វូនផ្សេងនោះទេ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានភាពរលោង រាបស្មើតែម្តង។
រីឯគែមអេក្រង់វិញទៀតសោត ក៏មានលក្ខណៈស្តើងផងដែរគឺត្រឹមតែ ១.៧មម ប៉ុណ្ណោះដែលធ្វើឲ្យស្មាតហ្វូននេះសឹងតែគ្មានគែមអេក្រង់ទៅហើយ ដែលនេះគឺគុណសម្បត្តិមួយសម្រាប់ អ្នកប្រើប្រាស់នៅពេល ដែលចុចលើផ្ទៃអេក្រង់ និងធ្វើឲ្យអេក្រង់ស្មាតហ្វូននេះមើលទៅមានលក្ខណៈធំទូលាយ។
P9 មានទំហំផ្ទុក 64GB មានពណ៌មាសដ៏ភ្លឺរលោង ដែលជាស្តង់ដាពណ៌តួទូរស័ព្ទលេចធ្លោមួយ ជាមួយនឹងតួផ្នែកខាងក្រោយធ្វើពីដែកពណ៌មាស ភ្លឺរលោងឆ្នូតតូចៗទាក់ភ្នែកបំផុត។ លើសពីនេះទៅទៀត បើក្រឡេកទៅមើល P9 ពណ៌សរលោងវិញ គឺរលោងជាងថ្នាំឡានតម្លៃថ្លៃៗកប់ពពកទៅទៀត ដែលវាចាំងរំលេចរាល់ពន្លឺទាំងអស់ដែលចាំងជះមកលើទូរស័ព្ទនេះ តែឆ្នូតនីមួយៗនៃចំណាំងផ្លាតដែលជះ ពីតួស្មាតហ្វូននេះទៅវិញនោះ ធ្វើឲ្យពណ៌នៅលើទូរស័ព្ទនេះកាន់តែអស្ចារ្យថែមទៀត។
P9 មាន ៦ពណ៌សម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តគឺ ពណ៌សលាយប្រផេះ ពណ៌មាសក្រហម ពណ៌ទឹកប្រាក់ ពណ៌មាសស្តើង ពណ៌សេរ៉ាមិចស និង ពណ៌មាសភ្លឺចាំង។
សមត្ថភាព និងគុណភាពថ្ម
P9 ត្រូវបានផលិតឡើងដើម្បីសមត្ថភាពដំណើរការខ្ពស់ និងមានល្បឿនលឿនបំផុតទាំងដំណើរការ និងការប្រើអ៊ិនធើណិតដែលជាចំនុចធ្វើឲ្យHuawei ទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន។ ជាមួយនឹងអេក្រង់ទំហំ 5.2 អ៊ីញ និងកម្រិតភាពច្បាស់ដល់ទៅ 1080 ភិកស៊ែល (Pixels) ស្មាតហ្វូន P9 ដំណើរការលើអង្គចងចាំជំនាន់ថ្មីប្រភេទ Kirin 955 2.5GHz 64-bit ARM-based Processor ដែលជាធ្វើឲ្យ P9 ក្លាយជាស្មាតហ្វូនដែលមានសមត្ថភាព ដំណើរការលឿនបំផុតនាំមុខគេ ហើយប្រើថ្មទំហំ3,000mAh កាន់ជាប់បានយូរធ្វើឲ្យស្មាតហ្វូននេះ ជាស្មាតហ្វូនដ៏ល្អបំផុតទាំងផ្នែកសមត្ថភាព និងថាមពលថ្ម៕