(ព្រះសីហនុ)៖ ជនជាតិចិន៤នាក់ បានរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ដោយខ្លួនឯងមួយ នៅម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១-១១២ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខណៈដែលពួកគេកំពុងធ្វើដំណើរត្រឡប់មកពីលេងខេត្តព្រះសីហនុ។
នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយ រថយន្ដម៉ាក LEXUS ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2L-5402 បើកបរត្រឡប់ពីខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ ក៏បានក្រឡាប់ធ្លាក់ផ្លូវតែម្ដង បណ្ដាលឱ្យជនជាតិចិន ជាអ្នករួមដំណើររងរបួសធ្ងន់២នាក់ និង២នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដត្រូវបានយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕