(ភ្នំពេញ)៖ អគ្គនាយក និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន RMA Cambodia ទទួលការណែនាំ បង្ហាត់បង្ហាញពីអ្នកផ្តល់សេវាកម្មអតិថិជន តាមភោជនីយដ្ឋាន ក្នុងឱកាសប្រារព្ធពិធី EFG’s Day ចំថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។
EFG’s Day នេះ ត្រូវបានប្រាព្ធធ្វើឡើងជារាងរាល់ឆ្នាំ ដោយក្រុមហ៊ុន EFG ដែលជាសមាជិកក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន RMA Cambodia។ ក្រុមហ៊ុន EFG បានផ្តល់ឱកាសដល់បុគ្គលិក ស្នាក់ការកណ្តាល [RMA Cambodia] ស្ម័គ្រចិត្តធ្វើការនៅតាមហាង COSTA COFFEE ដឹភីហ្សាខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) ស្វេនស្សិន (Swensen’s) និង ដេរី ឃ្វីន (Dairy Queen)។
បុគ្គលិកទាំងនោះ បានបំពេញការងារទៅតាមតួនាទី ដូចជាអ្នកចំអិនហារ រៀបចំអាហារ ឆុងកាហ្វេ សេវាកម្មអតិថិជន លាងជូតសម្អាតចាន និងចូលរួមគ្នារៀបចំហាងឲ្យបានស្អាតផងដែរ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ និងសិក្សាពីគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងភាពស្និទស្នាល រវាងបុគ្គលិកស្នាក់ការកណ្តាល និងបុគ្គលិកដែលផ្តល់សេវាអតិថិជនរៀងរាល់ថ្ងៃ។
លោក ងន សាំង ជាអគ្គនាយកក្រុមហ៊ុន RMA Cambodia ដែលមានបុគ្គលិកប្រមាណជា ២០០០ នាក់ បានលើកឡើងថា នេះមិនមែនជាលើកទីមួយទេសម្រាប់រូបលោក ក្នុងការស្ម័គ្រចិត្តមកធ្វើការ តាមអាហារដ្ឋានផ្សេងៗ។ កាលពីឆ្នាំ២០១៤ លោកបានធ្វើជាអ្នកចម្អិនភីហ្សានៅ The Pizza Company ឆ្នាំមុន ធ្វើជាអ្នកឆុងកាហ្វេ នៅហាង COSTA COFFEE ចំណែកឆ្នាំនេះ មកធ្វើជាផ្តល់សេវាកម្មអតិថិជននៅហាង BBQ។
លោក ងន សាំង ថ្លែងថា៖ «ខ្ញុំប្បាយចិត្ត ដែលមានឱកាសធ្វើជាអ្នកបម្រើសេវាកម្ម សម្រាប់អតិជនដោយផ្ទាល់។ វាបានផ្តល់ឱកាសឲ្យខ្ញុំបានធ្វើការរួមគ្នា រៀនសូត្រពីគ្នា និងហូបអាហារជាមួយនឹងសហការីដទៃទៀត ដែលជួបបម្រើផ្ទាល់ដល់អិតិថិជនរបស់យើង»។
លោកបន្ថែមថា «ខ្ញុំបានផ្តួចផ្តើមកម្មវិធីនេះឡើងដើម្បីសិក្សាពីស្ថានភាពជាក់ស្តែងរបស់បុគ្គលិកដែលបម្រើរការតាមហាង។ វា អាចឲ្យយើងដឹងពីតម្រូវរបស់ពួកគាត់ ហើយយើងអាចស្វែងយល់ពីកង្វះខាតដែលយើងមាន ដើម្បីធ្វើការកែតម្រូវ។ វា ក៏អាចបង្កើតឲ្យមានភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងបុគ្គលិកនៅតាមហាង»។
ដោយសង្កេតឃើញកម្មវិធីនេះមានសារៈខំខាន់ និងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក លោក ទេព វិរៈ ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG បានរៀបចំកម្មវិធីនេះឲ្យក្លាយជាវប្បធម៌មួយរបស់ក្រុមហ៊ុន EFG ដែលហៅថា “អ៊ីអេហ្វជី ដេ (EFG’s Day)” ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ។ ហើយនេះជាឆ្នាំទី ៣ហើយ ដែលក្រុមហ៊ុន EFG ប្រារព្ធពិធី EFG’s Day។
លោក ទេព វិរៈ បានលើកឡើងថា៖ «EFG’s Day បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់បុគ្គលិក ព្រោះពួកគាត់ បានជ្រាបច្បាស់ពីឆន្ទៈរបស់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលតែងតែផ្តល់ឱកាស និងត្រូវបានយកចិត្តទុកដាក់ស្មើរៗគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក។ កម្មវិធីនេះ នឹងត្រូវបានរៀបចំសម្រាប់ឆ្នាំក្រោយៗទៀត»។
តាមច្បាប់ពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជា និយោជិក ទទួលបានការឈប់សម្រាក ១ថ្ងៃ សម្រាប់ទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ។ ដោយឡែក បុគ្គលិក និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន RMA Cambodia ស្ម័គ្រចិត្តមកធ្វើការងារតាមហាងនានារបស់ក្រុមហ៊ុន EFG។
លោក ងន សាំង បានបន្ថែមថា៖ «បើទោះបីជាបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ស្នាក់ការកណ្តាលទទួលបានការឈប់សម្រាកមួយថ្ងៃ តែពួកគាត់ស្ម័គ្រចិត្តមកធ្វើការងារនៅតាមភោជនីយដ្ឋាន។ ពួកគាត់ទាំងនោះ ធ្លាប់តែផ្តល់យោបល់ដំបូន្មាន ដើម្បីផ្តល់សេវាកម្មប្រសើរ និងមានគុនភាពខ្ពស់ដល់អតិថិជន តែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិក ណែនាំវិញម្តង រួមទាំងខ្ញុំផងដែរ»៕