(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅ ប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនី តាមបណ្តាញជាតិ តម្លៃអគ្គិសនីនឹងចុះមកត្រឹម ៦១០រៀលក្នុង ១គីឡូរ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ក្រោម ៥០គីឡូរ៉ាត់ម៉ោងក្នុង១ខែ។
ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយនឹងបុគ្គលិក-កម្មករជាច្រើនរយនាក់ នៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។
សម្តេចបានថ្លែងថា «រាជរដ្ឋាភិបាលកំពុងរកវិធីបញ្ចុះថ្លៃអគ្គិសនី ទាំងអគ្គិសនីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ទាំងអគ្គិសនីប្រើប្រាស់ក្នុង វិស័យកសិកម្ម ទាំងអគ្គិសនីប្រើប្រាស់ដោយប្រជាពលរដ្ឋ ហើយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលភ្ជាប់ជាមួយនឹងបណ្តាញជាតិ នឹងទទួលបានភ្លើងប្រើប្រាស់នៅត្រឹម ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់ ក្រោម៥០គីឡូវ៉ាត់ម៉ោង»។
សម្តេចបានបញ្ជាក់ថា ការចុះថ្លៃអគ្គិសនីនេះ នឹងជួយសម្រួលបានមួយកម្រិតទៀត នូវជីវភាពរស់នៅរបស់ប្រជាជាពលរដ្ឋ៕