(បន្ទាយមានជ័យ)៖ ជនសង្ស័យ និងបក្ខពួកចំនួន៥នាក់ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងសំណុំរឿងដីធ្លី នៅចំណុចដី៦៧១ តំបន់បឹងជង្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើយោងតាមប្រភពពីមន្ត្រីបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ថាក្រោយទទួលបានដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ រួចមកបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឌុច ណាវីន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឱ្យដឹថា ជនសង្ស័យឈ្មោះ ឌុច ណាវីន ភេទស្រី ពេលសាកសួរួចមកលុះ វេលាម៉ោង២១៖៤៩នាទីយប់ សម្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់បន្ថែមទៀតឈ្មោះ មាស សយ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បន្ទាប់មកទៀត កម្លាំងសមត្ថកិច្ចចម្រុះបានបន្តឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ទៀតមាន ឈ្មោះ ឈុត ឈួត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ឈ្មោះ កែវ យ៉យ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ

សមត្ថកិច្ចចម្រុះ បានបន្ថែមថា កន្លងមកក្រុមការងារខុទ្ទកាល័យសម្តេចតេជោ និងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ បានចុះបំពេញការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃនៅចំណុច៦៧១ បឹងជង្រុក ភូមិទួលប្រាសាទ ក្នុងវិវាទដីធ្លី នៅចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ និងបានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកនៅពីក្រោយខ្នងទាំងឡាយណាដេលពាក់ព័ន្ធនឹងដីធ្លីខាងលើនេះត្រូវដកខ្លួនថយពីបទល្មើសចាស់ ថ្មី ឬជាក់ស្តែងនៅក្នុងករណីវិវាទដីធ្លីនេះ។

សមត្ថកិច្ចចម្រុះ បានបញ្ជាក់ថា ភាគច្រើនលើសលុបបានបញ្ឈប់សកម្មភាព ហើយមេខ្លោង ឬមេក្រុម៥-៦ក្រុម នៃករណីចំណុច៦៧១ បឹងជង្រុកបា នងាកមកសហការពេញបន្ទុក។ ក្នុងនោះ លោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោបានទទួលស្គាល់ពួកគាត់ទាំងនោះទៅជាចាស់ព្រឹទ្ធាចារ្យទៅវិញហើយដែរ។

ប៉ុន្តែ នៅមានបុគ្គលខ្លះ មិនព្រមបោះបង់បទប្រព្រឹត្ត ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ក្នុងនោះក្រុមការងារក៏បានណែនាំឱ្យប្រជាពលរដ្ឋឈប់សាងកំហុសថ្មីបន្ថែមទៀត ចំណែកកំហុសចាស់កន្លងមកត្រូវបានលើកលែងហើយ តែបើនៅបន្តសាងកំហុសថ្មី គឺខាងច្បាប់នឹងចាត់ការមិនឱ្យរំខានដល់ការអភិវឌ្ឍរបស់រដ្ឋនោះឡើយ។

សមត្ថកិច្ចចម្រុះបានគូសបញ្ជាក់ថា ករណីជនសង្ស័យចំនួន៥នាក់ខាងលើ គឺទាក់ទិននឹងការប្រមូលផ្តុំលើកគ្នាតវ៉ា ញុះញង់ហ្វូងមនុស្សឱ្យរំលោភដីធ្លីនៅចំណុចដីបឹង៧៥ អុងម៉ុង ដែលស្ថិតក្នុងស្មារតី នៃសេចក្ដីជូនដំណឹងលេខ១៥៥៣ ស.ជ.ណ ចុះថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១២ ដែលសម្រេចប្រគល់ដីចំណុចបឹង៧៥នេះ ជូនក្រុមហ៊ុន លី អ៊ុតនី ដែលបានទិញស្របច្បាប់ចំនួន ២២៨ហិកតា និងប្រគល់ជូនអតីតយោធិន៦៧២-៦៧៣ ចំនួន ១០១ហិកតា។

ករណីសម្តេចតេជោ ហ៊ុន សែន ត្រីមានចំណារដោយចាត់ឱ្យអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីចុះទៅពិនិត្យ និងដោះស្រាយទំនាស់ ។ ជាលទ្ធផលរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនៃទីស្តីការគណៈរដ្ឋមន្ត្រីក៏ចេញជាសេចក្តីជូនដំណឹងខាងលើ៕