(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានព្រមានជាថ្មីមិនឱ្យបរទេសណាម្នាក់ លូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ដោយសម្តេចបញ្ជាក់ថាកម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យភាព។
សម្តេចតេជោ បានថ្លែងថា «សូមបរទេសកុំលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយកម្ពុជាមិនដែលលូកលាន់ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃទេ ប៉ុន្តែសូមអ្នកដទៃគោរពនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កុំជ្រៀតជ្រែកឱ្យសោះ»។
ការព្រមានជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និងនិយោជិត នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបលើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ។
សូមជំរាបថា នាថ្មីៗនេះ លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានរិះគន់ទៅលើចំណាត់ការ អង្គភាពប្រឆាំងអំពើពុករលួយ ទៅលើមន្រ្តីសមាគមអាដហុក ៤នាក់ និងអគ្គលេខាធិការរងគ.ជ.បម្នាក់ ដែលពាក់ព័ន្ធនឹងករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ តាមរយៈវិទ្យុអាស៊ីសេរី, ជនបរទេសដែលតែងរិះគន់នយោបាយនៅកម្ពុជារូបនេះ បានចោទរាជរដ្ឋាភិបាលកម្ពុជាថា មានចេតនានៅក្នុងការបំបាក់ដល់អង្គការសង្គមស៊ីវិល។
អង្គការសង្គមស៊ីវិល និងជនបរទេសមួយចំនួន បានទាមទារឱ្យមានការអន្តរាគមន៍ដោះលែងពួកគេឱ្យមានសេរីភាពលើងវិញ។
សម្តេចតេជោ បានថ្លែងថា «អ្នកធ្លាប់និយាយថា សូមឱ្យបែងចែកអំណាច នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ក៏ប៉ុន្តែអ្នកកំពុងធ្វើកំពុងដាក់សម្ពាធខ្លះ មកឱ្យយើងដើម្បីបំពានលើអំណាចរបស់តុលាការ អ្នកកំពុងធ្វើខុសខ្លួនឯង ប៉ុន្តែសំណាងហើយអ្នកមិនបានជួបខ្ញុំផ្ទាល់ បើអ្នកជួបខ្ញុំផ្ទាល់ អ្នកនឹងទទួលរងនូវការអាម៉ាសដែលត្រូវខ្ញុំស្តីឱ្យនៅចំពោះមុខ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកអំពីការមកដល់កម្ពុជា របស់លោកប្រធានាធិបតីអូបាម៉ា នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលមានកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១២ ដែលបានលូកដៃចូលក្នុងកិច្ចការរបស់កម្ពុជា ដោយនិយាយអំពោះអ្នកទោសនយោបាយ។ សម្តេចបានបញ្ជាក់ថា «សូម្បីប្រធានាធិបតី អូបាម៉ា និយាយជាមួយខ្ញុំ កាលពីឆ្នាំ២០១២ ខ្ញុំថាស្រុកខ្មែរមិនមានអ្នកទោសនយោបាយទេ មានតែអ្នកទោសនយោបាយ ជាប់គុកព្រោះរឿងព្រហ្មទណ្ឌ តែប៉ុណ្ណោះ ខ្ញុំប្រាប់ អូបាម៉ា ត្រង់ៗមានទៅខ្លាចអី អូបាម៉ា ជាប្រធានធបិតីអាមេរិក ប៉ុន្តែមិនមែនជាប្រធានាធិបតីខ្មែរទេ ចាំតែ ហ៊ុន សែន ខ្លាចនោះ»៕