(ភ្នំពេញ)៖ កងអនុសេនាធំវិស្វកម្មសំណង់លេខ៥៧៦ ដែលមានកម្លាំងសរុបចំនួន២១៩នាក់ ក្នុងនោះស្ត្រី២៨នាក់ ដែលជាកងទី៧ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាព អស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
រីឯកងដែលត្រូវធ្វើការប្តូរវេន គឺកងវិស្វកម្មលេខ៤៣២ ដែលជាកងទី៨ មានចំនួនកម្លាំងសរុប ២៩១នាក់ ស្ត្រីចំនួន២៨នាក់។ ខណៈអត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។
ពិធីទទួលកងវិស្វកម្មពហុជំនាញលេខ៥៧៦ ត្រូវបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
តាងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានណៈកម្មាធិការជាតិ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី, សូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ពីការបំពេញបេសកកម្មរយៈពេល១ឆ្នាំ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាឆ្នាំទី៨ ហើយកងវិស្វកម្មលេខ៥៧៦ គឺជាកងទី៧ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ខណៈពេលដែលស្ថានការណ៍កូវីដ១៩ បាននឹងកំពុងបន្តការរាតត្បាតនៅទូទាំងពិភពលោក ពិសេសក្នុងតំបន់បេសកកម្ម ដែលវិស័យសុខាភិបាលមិនទាន់មានការរីកចម្រើនកងលេខ៥៧៦ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់ អ.ស.ប ប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា ដោយមានសមាជិកត្រឹមតែ ៣នាក់ប៉ុណ្ណោះ ដែលបានឆ្លងមេរោគដ៏កាចសាហាវនេះ ហើយត្រូវបានព្យាបាលជាសះស្បើយ។ នេះសរបញ្ជាក់ពីការធ្វើនវានុវត្តន៍ចំណេះជំនាញពីផ្នែកសុខាភិបាល ពិសេសការបណ្តុះទម្លាប់ដើម្បីរស់ក្នុងបរិបទថ្មី។
«រយៈពេល១ឆ្នាំ នៃការបំពេញភារកិច្ច ដ៏សែនលំបាកប្រឈមនឹងហានិភ័យខ្ពស់ ដូចជាការប្រើប្រាស់គ្រាប់មីន ជម្លោះប្រដាប់អាវុធ ទន្ទឹមនឹងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផងនោះ គឺពិតជាការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន។ ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះ បង្ហាញពីការខិតខំពុះពារជំនះគ្រប់ឧបសគ្គ ផ្ស៉ាំទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីយើង ដោយបានវិលត្រឡប់មកវិញប្រកបដោយកាយាមាំមួន ដើម្បីវិលត្រឡប់មកជួបជុំគ្រួសារវិញ»។ នេះជាការលើកឡើងបន្ថែមរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី។
ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ នាយក នាយកដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានថ្លែងថា កងអនុសេនាធំវិស្វកម្មសំណង់លេខ៥៧៦ មានភារកិច្ចចម្បទទួលបទបញ្ជាពីការិយា ល័យវិស្វកម្ម (U8) នៅទីបញ្ជាការធំនិងអង្គភាពផ្សេងៗទៀតរបស់ MINUSCA រួមមាន៖ សាងសង់សំណង់ផ្ដេក សាងសង់សំណង់បញ្ឈរ ជីកអណ្តូង កម្ទេចគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (UX0) ការងារយោធាចុះជួយជនស៊ីវិលផ្នែកមនុស្សធម៌ (CIM1C) និងការងារការពារជនស៊ីវិលនាពេលនេះ។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕