(ព្រះសីហនុ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងចូលគាល់ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដើម្បីយាងព្រះអង្គ យាងធ្វើទស្សនកិច្ចតាមរថភ្លើង ពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ហើយសម្តេចតេជោ នឹងដង្ហែព្រះមហាក្សត្រដោយផ្ទាល់។
ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែនដូចការអត្ថាធិប្បាយមួយចំនួន ដែលថា កសាងឡើងនៅសម័យអាណានិគមបារាំងនោះទេ។
ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយនឹងបុគ្គលិក កម្មករ ជាច្រើនរយនាក់ នៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ប្រសិនបើគ្មានការខិតខំ របស់ព្រះប្រមុខរដ្ឋ ក្នុងសម័យសង្គមរាស្ត្រនិយម របស់ព្រះបរមរតនកោដ ព្រះបិតាជាតិរបស់យើងនៅពេលនោះទេ ទោះបីថា យើងជួសជុលឡើងវិញ ស្តារឡើងវិញ ក៏ប៉ុន្តែអស់មានរបស់ចាស់ យើងប្រើពាក្យជួសជុលក៏អត់បាន ប្រើពាក្យស្តារក៏អត់បានដែរ។ ខ្ញុំកំពុងតែរកវិធីដើម្បីចូលគាល់ ព្រះមហាក្សត្រ និងយាងព្រះមហាក្សត្រ ដើម្បីយាងតាមរថភ្លើង ព្រោះរថភ្លើងគឺមានគ្រប់ មានទូរអត់ម៉ាស៊ីនត្រជាក់ មានទូរមានម៉ាស៊ីនត្រជាក់ ហើយមាន Free wifi ទៀត។ អីចឹងព្រះបិតារបស់ព្រះអង្គបានសោយទីវង្គត់ទៅហើយ នៅ ព្រះរាជបុត្រកំពុងគ្រងរាជនៅឡើយ ដូច្នេះខ្ញុំនឹងដង្ហែព្រះមហាក្សត្រ មកក្រុងព្រះសីហនុជាថ្មីម្តងទៀត ដើម្បីឲ្យអ្វីដែលជាស្នាព្រះហត្ថរបស់ព្រះបិតារបស់ព្រះអង្គ ត្រូវបានថែទាំក្នុងដំណាក់កាលរបស់ព្រះអង្គ ហើយក៏ជាការលើកទឹកចិត្តមួយ សម្រាប់ការតភ្ជាប់រវាងកំពង់ផែទឹក ជ្រៅជាមួយផ្លូវដែកផងដែរ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើការសិក្សា និងរកថវិកាដើម្បីសាងសង់ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាបថែមទៀត ខណៈបច្ចុប្បន្ន ខ្សែរថភ្លើងមាន២ខ្សែ ពីភ្នំពេញទៅព្រះសីហនុ និង ពីភ្នំពេញទៅអូជ្រៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះដែរ ឆ្លងកាត់បទពិសោធន៍ ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដោយចំណាយពេល៧ម៉ោងនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីជក់ចិត្តនឹងដំណើរតាមផ្លូវដែកនេះ ហើយសម្តេចថា ការធ្វើដំណើរតាមរថភ្លើង ជាដំណើរប្រកបដោយសុវត្ថិភាពបំផុត។
ពិសេសជាងនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា លើកក្រោយសម្តេចនឹងនាំក្រុមគ្រួសារ និងចៅៗរបស់សម្តេចជិះរថភ្លើង ពីភ្នំពេញមកខេត្តព្រះសីហនុ។
ក្រុមហ៊ុន Royal Raillway ដែលគ្រប់គ្រងលើការដឹកជញ្ជូនតាមផ្លូវដែក បានសម្រេចដាក់ឲ្យដំណើរការរថភ្លើងដឹកអ្នកដំណើរ រយៈពេល៣ថ្ងៃក្នុង១សប្តាហ៍ គឺនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងអាទិត្យ ចេញដំណើរនៅម៉ោង៧ព្រឹក ពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយធ្វើការចុះនៅស្ថានីយខេត្តតាកែវ និងខេត្តកំពត មុននឹងដល់ស្ថានីយខេត្តព្រះសីហនុ។ តម្លៃសំបុត្រជិះរថភ្លើង ពីភ្នំពេញទៅតាកែវថ្លៃ៣ដុល្លារ ពីភ្នំពេញទៅកំពត៥ដុល្លារ និងពីភ្នំពេញទៅព្រះសីហនុតម្លៃ៦ដុល្លារ។ អ្នកធ្វើដំណើរតាមរថភ្លើងក៏អាចផ្ញើរថយន្ត ម៉ូតូ កង់ បានផងដែរ ដោយរថយន្តតម្លៃ ១០ដុល្លារ ម៉ូតូតម្លៃ ៤ដុល្លារ និងកង់តម្លៃ ២ដុល្លារ៕