(កណ្តាល)៖ លោក នូវ សុខសម្បត្តិ ប្រធានលេខាធិការដ្ឋាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកមុខកំពូល តំណាងលោក វង្សី វិស្សុត ប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកមុខកំពូល, លោក ឆេង គឹមស៊ុន, លោក តាំង ម៉េងលាន អភិបាលស្រុកមុខកំពូល និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំនីមួយៗ នៃស្រុកមុខកំពូល មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធពាក់ព័ន្ធ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានចុះពិនិត្យស្ថានភាពតម្រូវការទឹក ប្រើប្រាស់របស់ប្រជាពលរដ្ឋតាមឃុំនីមួយៗ នៃស្រុកមុខកំពូល។
នៅក្នុងឱកាសនេះដែរ លោក នូវ សុខសម្បត្តិ បានចុះទៅជួប និងពិភាក្សាជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមចំណុចបូមទឹកសំខាន់ៗ នៅតាមបណ្តាឃុំមួយចំនួន ដើម្បីអាចដោះស្រាយ បញ្ហាជាក់ស្តែងតែម្តង។ កន្លងមកនេះ លោក វង្សី វិស្សុត តែងតែចុះពិនិត្យផ្ទាល់ ហើយបានណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិតាមឃុំនីមួយៗ ឱ្យពិនិត្យស្វែងរកប្រភពទឹក, ធ្វើការស្តារប្រឡាយទប់ទឹក និងបូមទឹកចូលអូរសំខាន់ៗ ទន្ទឹមនឹងការឧបត្ថម្ភប្រេង និងថវិកាជាបន្តបន្ទាប់ តាមរយៈលោកអភិបាលស្រុក និងប្រធានក្រុមការងារចុះ មូលដ្ឋានឃុំនីមួយៗ ដើម្បីអនុវត្តការងារបូកទឹកទុក ឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ, ធ្វើស្រែ-ចំការ និងសម្រាប់សត្វពាហនៈ ក្នុងអំឡុងពេលគ្រោះរាំងស្ងួតនេះ។
ជារួម លោក នូវ សុខសម្បត្តិ បានបញ្ជាក់ថា នៅក្នុងមូលដ្ឋានឃុំនីមួយៗនៃស្រុកមុខកំពូល គឺពុំមានជួបបញ្ហាកង្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរនោះទេ។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យស្ថានភាពលើកនេះ គឺគ្រាន់តែជាការចុះមកពិនិត្យ ទៅលើការងារដោះស្រាយបញ្ហាទឹកប្រើប្រាស់ ដែលអាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិតាមឃុំនីមួយៗ បានអនុវត្តកន្លងមក និងដោះស្រាយបញ្ហាជាក់ស្តែងបន្ថែម បើមានដើម្បីជៀសវាងនូវបញ្ហាកង្វះទឹកប្រើប្រាស់ នៅក្នុងមូលដ្ឋានស្រុកមុខកំពូល។
ក្នុងឱកាសផងដែរនេះ លោក វង្សី វិស្សុត តាមរយៈលោក នូវ សុខសម្បត្តិ ក៏បានឧបត្ថម្ភធុងទឹកចំណុះ៣០០០លីត្រចំនួន០២ ដើម្បីដាក់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងមូលដ្ឋានឃុំស្វាយអំពារ៕