(ភ្នំពេញ)៖ ក្រោយប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដ៏កក្រើកមួយ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដែលបណ្តាលឱ្យមានមនុស្សស្លាប់២នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីអាវុធហត្ថ និងម្នាក់ទៀតជា មេខ្លោងគ្រឿងញៀន មជ្ឈដ្ឋានមួយចំនួន ជាពិសេសនៅលើបណ្តាញសង្គម Facebook នាថ្មីៗនេះ បាននាំគ្នារិះគន់ថា មេក្លោងគ្រឿងញៀន ដែលត្រូវបានបង្រ្កាបបាញ់ស្លាប់នេះ គឺជាអតីតទណ្ឌិតមេខ្លោងគ្រឿងញៀន ដែលទើបត្រូវបានដោះលែង។
មេខ្លោងដែល មជ្ឈដ្ឋាននានារិះគន់នោះ គឺសម្តៅលើអតីតទណ្ឌិត លឹម គឹមតេង ដែលត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅខណ្ឌទួលគោក កាលពីថ្ងៃពុធ បន្ទាប់ពីក្រុមគ្រឿងញៀនដ៏សាហាវនេះ បានបាញ់តដៃមកលើសមត្ថកិច្ច រហូតដល់បណ្តាលឱ្យមន្រ្តីអាវុធហត្ថម្នាក់ គឺលោក អនុសេនីយ៍ឯក ទៀង ករុណា នាយរងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាត់បង់ជីវិត។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានអះអាងថា អតីតទណ្ឌិត លឹម គឹមតេង ធ្លាប់ត្រូវបាន តុលាការក្រុងភ្នំពេញផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំម្តងរួចទៅហើយ កាលពីឆ្នាំ២០១៣ ប៉ុន្តែកាលណោះ អតីតទណ្ឌិតរូបនោះ គ្រាន់តែជាប់ចោទ ពីបទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ជាមួយនឹងសារធាតុញៀនសុទ្ធកម្រិតតិច ចំនួន ០,៧៨ក្រាម ប៉ុណ្ណោះ មិនមែនជាប់ចោទជាមេខ្លោង ដូចមជ្ឈដ្ឋានមួយចំនួន លើកឡើងនោះទេ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា «ការផ្តន្ទាទោសចំពោះសំណុំរឿងគ្រឿងញៀន ត្រូវសម្រេចដោយយោងទៅតាមបទល្មើសដែលចោទប្រកាន់ និងបរិមាណសារធាតុសុទ្ធគ្រឿងញៀន ដែលដកហូតបានពីជនល្មើស។ ទណ្ឌិតឈ្មោះ លឹម គឹមតេង ត្រូវបានផ្តន្ទាទោសដាក់គុក២ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ជាមួយនឹងសារធាតុញៀនសុទ្ធ កំរិតតិចចំនួន០ក្រាម ៧៨ប៉ុណ្ណោះ»។
របាយការណ៍ដែលបង្ហាញដោយ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសរសេរថា «ផ្តន្ទាទោសទណ្ឌិត លឹម គឹមតេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ តែទោសនេះ អនុវត្តក្នុងពន្ធនាគាររយៈពេល១ឆ្នាំ ទោសនៅសល់ត្រូវព្យូរធម្មតា និងពិន័យជាប្រាក់ចំនួន៤លានរៀល ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៤៧៦ ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣»។ ការផ្តន្ទាទោសនេះធ្វើឡើងតាមមាត្រាទី៤០ កថាខណ្ឌទី៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀនដ៏ធំមួយ ស្ថិតនៅខាងត្បូងកាំកូស៊ីតធី តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ប្រតិបត្តិការដ៏កក្រើកនេះ បានធ្វើឱ្យក្រុមឈ្មួគ្រឿងញៀន តដៃដោយបាញ់រះមកលើសមត្ថកិច្ច បណ្តាលឱ្យមន្រ្តីអាវុធហត្ថម្នាក់ បានស្លាប់បាត់បង់ជីវិត។ ទោះជាយ៉ាងណា លទ្ធផលចុងក្រោយ មេក្លោងជួញដូរគ្រឿងម្នាក់ ឈ្មោះ លឹម គឹមតេង ដែលជាអតីតទណ្ឌិតគ្រឿងញៀននោះ ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅនឹងកន្លែង ខណៈបក្ខពួករបស់គេ៥នាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាមួយនឹងការដកហូតកាំភ្លើងវែង-ខ្លី៦ដើម រឹបអូសរថយន្ត២គ្រឿង ម៉ូតូ៤គ្រឿងផងដែរ៕