(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនមន្រ្តីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥រូបមកកាន់តុលាការក្រុងភ្នំពេញជាថ្មី បន្ទាប់ពីម្សិលមិលបាននាំយកមកបង្ហាញខ្លួន ដើម្បីបំពេញសំណុំបែបបទតាមនីតិវិធី អស់រយៈពេលប្រមាណ១៥នាទី នៅចំពោះមុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ។
ពីម្សិលមិញនាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនមន្ត្រីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥រូបមកកាន់សាលាដំបូងរាជធានីភ្នំពេញ ប្រមាណ១៥នាទី ក៏បញ្ជូនត្រឡប់ទៅអង្គភាព ACU វិញ ដើម្បីបន្តការសួរនាំ។
ភ្នាក់ងារ Fresh News ប្រចាំាសាលាដំបូងរាជធានីភ្នំពេញ លោក ជួន សុជាតិ បានរាយការណ៍ថា មូលហេតុដែល ACU នាំខ្លួនពួកគេទាំង៥រូបនេះ មកតុលាការក៏ព្រោះតែ ការឃុំខ្លួននៃដំណើរការសួរនាំដល់រយៈពេល៤៨ម៉ោង ដូច្នេះត្រូវមកបង្ហាញមុខនិងបំពេញសំណុំបែបបទចំពោះមុខព្រះរាជអាជ្ញា រួចនាំត្រឡប់ទៅវិញ។
មន្រ្តីអាដហុកទាំង៤រូបរួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប។
សូមបញ្ជាក់ថា កាលចុងសប្តាហ៍មុន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះពាក់ព័ន្ធនឹងអ្នកទាំង៥ខាងលើនេះ និងអ្នកដទៃផងដែរ៕