(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០១ ឧសភា ឆ្នាំ២០១៦នេះ វេលាម៉ោង៧ព្រឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយ កម្មករ និងនិយោជិត នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបលើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។
ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា គណបក្សប្រឆាំងរាយការណ៍ភូតកុហកព្រះមហាក្សត្រ អំពីស្ថានភាពនយោបាយនៅកម្ពុជា។ ដោយសម្តេចបានបញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជា មានភាពល្អប្រសើរ មិនដូចការលើកឡើងរបស់គណបក្សប្រឆាំងនោះទេ។
* ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយ កម្មករ និងនិយោជិត នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបលើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា, សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងយាងព្រះមហាក្សត្រ យាងតាមរថភ្លើងពីភ្នំពេញ មកក្រុងព្រះសីហនុ,
* សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសកុំឲ្យយល់ច្រឡំអំពីផ្លូវដែក (ភ្នំពេញ-ព្រះសីហនុ) ធ្វើឡើងនៅក្នុងសម័យបារាំង, ដោយសម្តេចប្រកាសថា ផ្លូវដែកពីភ្នំពេញ ទៅដល់ក្រុងព្រះសីហនុ ជាស្នាព្រះហស្ថរបស់ព្រះមហាវរក្សត្រ នរោត្តម សីហនុ។
* ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងកំពុងសិក្សា នៃការកសាងផ្លូវរថភ្លើង ពីភ្នំពេញ ទៅខេត្តសៀមរាប ហើយ ដែលនេះជាការឆ្លើយតបជាមួយ ការលើកឡើងរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសទៀតថា ទាក់ទងនឹងតម្លៃដឹកជញ្ជូន ចាប់ពីថ្ងៃនេះតទៅ តម្លៃនៅកំពង់ផែក្រុងព្រះសីហនុ បញ្ចុះតម្លៃ១០%, កំពង់ផែក្រុងភ្នំពេញ៥%, កាំសាប១០%។ ការបញ្ចុះនេះដើម្បីសម្រួលអ្នកដឹកកុងតឺន័រ កាន់តែច្រើន និងកាត់បន្ថយថ្លៃដើម ហើយទំនិញនឹងនាំចូល នឹងកាត់បន្ថយតម្លៃទំនិញផ្សេងៗផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណថា ចាប់ពីឆ្នាំ២០១៧ ប្រជាពលរដ្ឋទូទាំងប្រទេសប្រើប្រាស់ថាមពលអគ្គិសនីក្រោម៥០គីឡូវ៉ាត់ តម្លៃតែ៦១០រៀលប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា យោងតាមរបាយការណ៍សម្ងាត់មួយពាក់ព័ន្ធវិស័យដឹកជញ្ជូន, ការចំណាយផ្លូវការដែលមានវិក័យប័ត្រ ចំនួន៤៩ភាគរយ ចំណាយអត់មានវិក័យប័ត្រ ៤៨ភាគរយ, តម្លៃសេវាដឹកជញ្ជូន៣ភាគរយ ហើយតម្លៃសេវាដឹកជញ្ជូនក្រៅផ្លូវការ៤៨ភាគរយ, ពាក់ព័ន្ធចំណុចនេះត្រូវធ្វើឲ្យបាន ដើម្បីបង្កភាពងាយស្រួលក្នុងការដេញថ្លៃ ប្រកួតប្រជែងទំនិងញផ្សេង និងអង្ករផងដែរ។
* សម្តេចតេជោ បានប្រាប់ឲ្យ លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ត្រូវប្រជុំជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវ ដើម្បីរកវិធានការ តម្លើង តម្លៃស្រូវពេលចុះទិញពីប្រជាពលរដ្ឋ, ពីព្រោះខាងអគ្គិសនីនឹងអាចបញ្ចុះតម្លៃភ្លើង ប្រមាណ២០ភាគរយ អញ្ជឹងអាចតម្លើងថ្លៃស្រូវ១០ភាគរយទៀត បើមិនចឹងទេ ចំណេញតែថៅកែទិញស្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានហៅគណបក្សប្រឆាំងភ្លើណាស់ ហើយមិនមែនជាដៃគូប្រកួតប្រជែងជាមួយសម្តេចនោះទេ ពីព្រោះមិនចេះ ចាប់យកឱកាស ចុះបម្រើប្រជាពលរដ្ឋ នៅពេលជួបគ្រោះធម្មជាតិ អត់ទឹកប្រើប្រាស់នេះ។ បើទោះបីជាមានភ្លៀងកាលពីម្សិលមិញក៏ដោយ តែសម្តេចតេជោ នៅតែអំពាវនាវដល់អាជ្ញាធរទាំងអស់ត្រូវបន្តស្តារស្រះ ប្រឡាយ និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋបន្តទៀត ហើយភ្លៀងកាលពីម្សិលមិញនោះ ក៏មិនត្រឹមតែជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹនោះទេ គឺបានផ្តល់ និងជួយដល់សត្វផងដែរ ជាក់ស្តែងគោក្របី នៅខេត្តស្ទឹងត្រែង ដែលងាប់ជាង៣០០ក្បាលនោះ ឥឡូវនេះ លែងងាប់ទៀតហើយ។
* សម្តេចតេជោ ហ៊ុន សែន ជក់ចិត្តនឹងការធ្វើដំណើរតាមរថភ្លើង ព្រោះការធ្វើដំណើរតាមផ្លូវរថភ្លើងនេះមានសុវត្ថិភាពខ្ពស់ ហើយថ្ងៃក្រោយសម្តេចតេជោ នឹងនាំក្រុមគ្រួសារ និងចៅៗរបស់សម្តេចធ្វើដំណើរតាមរថភ្លើង។
* សម្តេចតេជោ ហ៊ុន សែន ក៏ស្នើឲ្យបរទេសគោរពអធិបតេយ្យភាពរបស់កម្ពុជា កុំជ្រៀតជ្រេតកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា «អ្នកធ្លាប់ឲ្យបែងចែកអំណាច នីតិបញ្ញាត្តិ នីតិប្រតិបត្តិ និងតុលាការ ប៉ុន្តែអ្នកកំពុងធ្វើ ដោយដាក់សម្ពាធខ្លះឲ្យយើង ដើម្បីបំពានលើអំណាចតុលាការ អ្នកកំពុងធ្វើខុសខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖២៨នាទីព្រឹកថ្ងៃអាទិត្យនេះ !៕