(ឧត្តរមានជ័យ)៖ ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងក្តីសោមនស្សរីករាយចំពោះវត្តមាន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រតិភូអមដំណើរ។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានទទួលស្គាល់ពីសារសំខាន់ នៃសកម្មភាពស.ស.យ.ក. ក្នុងខេត្តថា «តាមពិតស.ស.យ.ក. មានសកម្មភាពច្រើនជាងក្នុងរបាយការណ៍»

លោកបានអះអាងទៀតថា ក្នុងពេលថ្មីៗនេះ យុវជន ស.ស.យ.ក. គឺជាយុវជនផង ជាគ្រូពេទ្យផង ជាប្រជាការពារផង ជាសប្បុរសជនផង។ ពេលមេឃភ្លៀងគាត់ឈរហាលភ្លៀង ពេលថ្ងៃគាត់ក្តៅឈរហាលក្តៅ បាញ់កំដៅតាមផ្លូវ ចូលរួមចាក់វ៉ាក់សាំង ធ្វើសកម្មភាពសង្គម និងសប្បុរសធម៌គ្រប់ពេលដែលជាតម្រូវការដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានបន្ដជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ ហើយបេសកកម្មបន្ដនៅខេត្តសៀមរាប៕