(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវក្តីសោកស្តាយ និងអាឡោះអាល័យជាខ្លាំងចំពោះមរណភាពរបស់លោក កូជី កាន់ហ្សាគី ដែលជាជនជាតិជប៉ុន ហើយបានចំណាយពេលប្រមាណ ៣៨ឆ្នាំក្នុងជីវិតរបស់លោក ដើម្បីជំរុញទំនាក់ទំនងកម្ពុជា និងជប៉ុន។

លោកទេសរដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុកដ៏ក្រៀមក្រំនេះជាមួយលោកស្រី អ៉ីឈីកុ កាន់ហ្សាគី ជាភរិយា និងក្រុមគ្រួសារសពទាំងអស់។ តាមរយៈសារលិខិតចូលរួមរំលែកមរណទុក្ខនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការគោរពយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះភក្តីភាព និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់លោក កូជី កាន់ហ្សាគី ដែលរយៈពេលជិត ៤០ឆ្នាំចុងក្រោយនៃជីវិតរបស់លោក បានធ្វើកិច្ចការជាច្រើនដើម្បីប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក កូជី កាន់ហ្សាគី ជាមិត្តដ៏ល្អរបស់កម្ពុជា។ លោកបានចំណាយពេលវេលាប្រមាណ ៣៨ឆ្នាំនៃជីវិតដើម្បីពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា និងចូលរួមក្នុងការសាងសង់នូវសាលារៀន មន្ទីរពេទ្យ និង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។

ទោះក្នុងដំណាក់កាលចុងក្រោយនៃជីវិត ក៏លោកនៅតែបន្តលះបង់ ដើម្បីបុព្វហេតុដ៏ប្រពៃនេះ។ ជាក់ស្តែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ លោកបានប្រកាសផ្តល់ដីមួយកន្លែង ដើម្បីរៀបចំជាសួនមិត្តភាព PKO និងផ្តល់ជំនាញបច្ចេកទេសក្នុងការការពារទឹកជំនន់នៅកម្ពុជា៕